សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យអាជ្ញាធរខិតខំ ប្រែក្លាយតំបន់ព្រំដែនឱ្យក្លាយទៅជាព្រំដែនសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើន
(ព្រៃវែង)៖ សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យអាជ្ញាធរខិតខំ ប្រែក្លាយតំបន់ព្រំដែននេះឲ្យក្លាយទៅជាព្រំដែន សុខសន្តិភាព ជាព្រំដែនសម្រាប់ទីផ្សារដោះដូរទំនិញ និងជាព្រំដែនដែលមានការអភិវឌ្ឍរីកចម្រើន សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូច្នេះ ក្នុងឱកាសចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ។

យោងតាមរបាយការណ៍បានអោយដឹងថា នេះគឺជាទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តីនណាម (កម្ពុជា-វៀតណាម) ដែលដំបូងឡើយ ទីតាំងនេះជាច្រករបៀងដែលប្រជាជនរស់នៅទាំងសងខាងតែងតែដោះដូរទំនិញ និងកសិផលទៅវិញទៅមក ។ ក្នុងអំឡុងឆ្នាំ២០១០ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតជាច្រកទ្វារតំបន់ព្រំដែនម៉ឺនជ័យនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៤ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដំឡើងកម្រិតច្រកទ្វារតំបន់ ព្រំដែនម៉ឺនជ័យ ទៅជា “ច្រកទ្វារព្រំដែនអន្តរជាតិម៉ឹនជ័យ” តាមលិខិតលេខ ៦៣៥ ស.ជ.ណ របស់ ទីស្តីការគណៈរដ្ឋមន្ត្រី ។

ចំពោះភាគីវៀតណាម បានឯកភាពដំឡើងកម្រិតច្រកទ្វារតំបន់ព្រំដែនតឺនណាម ទៅជា ច្រកទ្វារព្រំដែនអន្តរជាតិ តឺនណាម នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៧ ។ ច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តឺនណាម (កម្ពុជា-វៀតណាម) ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាបណ្តោះអាសន្នកម្រិតថ្នាក់ខេត្ត គឺខេត្តព្រៃវែង និងខេត្តតៃនិញ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ។

ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះអាជ្ញាធរ ដែលបានខិតខំកសាងច្រកអន្តរជាតិនេះឡើង ហើយតាមរយៈច្រកអន្តរជាតិម៉ឺនជ័យនេះ និងរួមចំណែកយ៉ាងសំខាន់ក្នុងការដោះដូរទំនិញរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ជាពិសេស ផលិតកសិផលកសិកម្មរបស់ប្រជាពលរដ្ឋដែលស្ថិតនៅជាប់ព្រំដែននៃប្រទេសទាំងពីរ ។

សូមជម្រាបថា ខេត្តព្រៃវែងគ្រោងរៀបចំកិច្ចប្រជុំពិភាក្សាជាមួយអាជ្ញាធរខេត្តតៃនីញ អំពីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឺនណា ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ។ ច្រទ្វារនេះ មានទំហំផ្ទៃដីសរុបចំនួន ៨៩,៥៧៧ ម៉ែត្រការេ ដោយបានដោះស្រាយផលប៉ះពាល់ជូនអ្នកពាក់ព័ន្ធបានរួចរាល់នៅឆ្នាំ២០២០ និងបានរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធរួមមាន៖ អគារបំពេញបែបបទចេញ-ចូលបណ្តោះអាសន្នចំនួន០១ខ្នង ទំហំ៤៥x៧,៣ម៉ែត្រ ស្មើរនឹង០៦បន្ទប់ សាងសង់ក្នុងឆ្នាំ២០១៩។ ខ្លោងទ្វាររូបប្រាសាទអង្គរវត្តចំនួន០១ ប្រវែង២២,៤ម៉ែត្រ កម្ពស់១៧ម៉ែត្រ សាងសង់ក្នុងឆ្នាំ២០២០។ អគារបំពេញបែបបទចេញ-ចូលជាសំណង់រឹងមាំ ចំនួន០២ខ្នង ដោយមួយខ្នងមានទំហំ៤៤x១៥ម៉ែត្រ ស្មើរ នឹង ១៤បន្ទប់ សាងសង់នៅឆ្នាំ២០២០ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
