រដ្ឋមន្ត្រីក្រសួងការងារ៖ កម្ពុជាមានតម្រូវការទីផ្សារពលកម្មជាង២០ម៉ឺនកន្លែង

បាត់ដំបង ៖ថ្លែងនៅខេត្តបាត់ដំបងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់​ថា បច្ចុប្បន្ន​កម្ពុជាមានតម្រូវការទីផ្សារ​ពលកម្មជា​មធ្យម២៥ម៉ឺនកន្លែង សម្រាប់ជួយសម្រួលដល់បងប្អូនពលករ​ខ្មែរដែលវិលត្រឡប់​មកពីប្រទេសថៃ និងមានបំណងរកកន្លែងការងារធ្វើនៅក្នុងស្រុក។

អមដំណើរដោយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងមន្ត្រី​សំខាន់ៗ​ក្រសួងអាជ្ញាធរស្រុក ខេត្ត មន្ត្រីនៃមន្ទីរពាក់ព័ន្ធ កងកម្លាំងនៅមាត់ច្រក រដ្ឋបាលស្រុក ក្រុង កាលពីចុងសប្ដាហ៍កន្លងទៅ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញចុះពិនិត្យ​មើលស្ថានភាព​ព្រំដែនកម្ពុជា-ថៃ នៅច្រកទ្វារ​ព្រំដែនអន្តរជាតិដូង នៃស្រុកកំរៀង ខេត្តបាត់ដំបង។នៅពេលនោះដែរ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួងការងារ​ក៏បាន​ទទួល​ស្វាគមន៍និងសំណេះសំណាលជាមួយ​បងប្អូនជាពលករ និងប្រជាពលរដ្ឋ ដែលបានវិលត្រឡប់ពី​ប្រទេសថៃ មកកាន់​ស្រុក​កំណើតរបស់ខ្លួនវិញ។

នៅទីនោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ បានលើកឡើងថា មកដល់ថ្ងៃនេះចំនួន បងប្អូនពលករ​និងប្រជាពលរដ្ឋ​ដែលបានវិលត្រឡប់មកពីប្រទេសថៃ មានចំនួន​៤ម៉ឺននាក់ហើយ។ ក្នុងនោះក៏មានបងប្អូន បានចុះឈ្មោះរកការងារធ្វើ មានចំនួន​ជាងមួយម៉ឺននាក់ផងដែរ។ឯកឧត្តមរដ្ឋមន្ត្រីបន្ដថា បច្ចុប្បន្នកម្ពុជាមានតម្រូវការ​ទីផ្សារពលកម្ម ជាមធ្យម​២៥ម៉ឺនកន្លែង សម្រាប់ជួយសម្រួលដល់បងប្អូនដែលមកពីថៃ និងមានបំណងរកកន្លែងការងារធ្វើនៅក្នុងស្រុក។

តាមរយ: នៃការវិលត្រឡប់របស់បងប្អូនប្រជាពលករមកពីប្រទេសថៃ ជាបន្តបន្ទាប់​មកនេះ ក្រុមការងារ នៃ មន្ត្រី​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរួមមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិ​សន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីពាក់ព័ន្ធគ្រប់​ផ្នែកដែល​បានបោះ​ទីតាំងប្រចាំការនៅច្រកព្រំដែនអន្តរជាតិដូង និង មណ្ឌលសំចតច្រកដូង បានផ្តល់ព័ត៌មានស្តីអំពីឱកាសការងារ​ដ៏សម្បូរបែប តាមរយ:ការអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ប.ស.ស.​ដែលជាការ​គិតគូររបស់ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជាជូនដល់ប្រជាពលរដ្ឋនិងពលករខ្មែរដែលវិលត្រឡប់មកវិញ។

ដោយឡែករដ្ឋបាលខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់ឯកឧត្តម សុខ លូ ក៏​បានរៀបចំនូវរថយន្តរបស់​រដ្ឋបាល​ខេត្តសម្រាប់ដឹកជញ្ជូនពលករដែល​វិលត្រឡប់មកវិញ ទៅកាន់ស្រុកកំណើតនៅតាមបណ្តាខេត្តផ្សេងៗ ដោយ​ពុំចាំ​បាច់ចំណាយប្រាក់ទៀតផង៕
អត្ថបទ និងរូបភាព៖អ៊ុក សំអាន ប.ប

ads banner