សម្ដេចតេជោ ហ៊ុន សែន សូមឱ្យអាជ្ញាធរខេត្តព្រៃវែង យកចិត្តទុកដាក់ទាក់ទាញវិនិយោគ មកកាន់តំបន់ម៉ឺនជ័យ
(ព្រៃវែង)៖ សម្ដេចតេជោ ហ៊ុន សែន សូមឱ្យអាជ្ញាធរខេត្តព្រៃវែង យកចិត្តទុកដាក់ទាក់ទាញវិនិយោគ មកកាន់តំបន់ច្រកព្រំដែនម៉ឺនជ័យ ជាពិសេស អ្នកវិនិយោគវៀតណាម មកដាក់រោងចក្រកែច្នៃនៅខាងកម្ពុជា ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូច្នេះ ក្នុងឱកាសចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ។

សម្តេចតេជោ បានមានប្រសាសន៍ថា គោលដៅថ្ងៃក្រោយ សូមឱ្យអាជ្ញាធរខេត្តព្រៃវែង ត្រូវខិតខំយកចិត្តទុកដាក់លើការងារទាក់ទាញវិនិយោគិន មកកាន់តំបន់ច្រកព្រំដែនម៉ឺនជ័យនេះ ថ្ងៃក្រោយ អាចក្លាយទៅជាតំបន់ឧស្សាហកម្ម ក៏អាចថាបាន ព្រោះវាបម្រើឱ្យការដឹកជញ្ជូនជិត ហើយតំបន់កែច្នៃ។ ទាញខាងវៀតណាម មកដាក់រោងចក្រកែច្នៃនៅខាងកម្ពុជា ដោយកម្ពុជា មានផលិតផលជាវត្ថុធាតុដើម ដែលនេះជាលទ្ធភាពនៃការពង្រីកធ្វើពាណិជ្ជកម្ម តែអាចតភ្ជាប់ការផលិតសម្រាប់ការនាំចេញ ឬការផ្គត់ផ្គង់ក្នុងស្រុក ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបើកព្រំដែនមិនគ្រាន់ជាការបើកឱ្យមានការចេញចូលឆ្លងកាត់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវជំរុញឱ្យមានសកម្មភាពវិនិយោគ និងពាណិជ្ជកម្ម ហើយទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម កាន់តែរីកធំឡើងជាបន្តបន្ទាប់ ក្នុងនោះការនាំចេញរបស់កម្ពុជា ទៅវៀតណាម ក៏កាន់តែរីកធំជាងមុន ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
