មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជួបពិភាក្សាការងារជាមួយមេបញ្ជាការបញ្ជាការដ្ឋាន ការពារព្រំដែននៃប្រទេសវៀតណាម
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធនពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពជើងគោកកម្ពុជា ជួបពិភាក្សាការងារជាមួយនឹងមេបញ្ជាការបញ្ជាការដ្ឋានការពារព្រំដែននៃប្រទេសវៀតណាម កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩។
ឧត្តមសេនីយ៍ទោ ហ័្វង ស៊ុនជៀន (HOANG XUAN CHIEN) មេបញ្ជាការ បញ្ជាការ ដ្ឋានការពារព្រំដែននៃប្រទេសវៀតណាម បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា។ លោកបានលើកឡើងថា ការរក្សាទំនាក់ទំនងល្អរវាងកងទ័ពនៃប្រទេសទាំងពីរ បានចូលរួមចំណែកថែរក្សាសន្តិភាព និងស្ថិរភាពតាមបន្ទាត់ព្រំ ដែលបង្កើតឱកាសឱ្យប្រជាជននៃប្រទេសទាំងពីរអាចប្រាស្រ័យទាក់ទងគ្នា និងប្រកបរបររកស៊ីបានយ៉ាងងាយស្រួល។ លោកឧត្តមសេនីយ៍ សង្ឃឹមថាវប្បធម៍នៃកិច្ចទំនាក់ទំនងល្អនេះ នឹងនៅបន្តទៅថ្ងៃអនាគត ហើយនឹងពង្រឹង និងពង្រីកបន្ថែមទៀត។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្ថែមថា កិច្ចសហប្រតិបត្តិការនៃការថែរក្សាទំនាក់ទំនងព្រំដែនសន្តិភាព និងស្ថិរភាព នៃប្រទេសកម្ពុជា និងប្រទេសវៀតណាម ជាអ្វីដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរចង់បាន។ លោកឧត្តមសេនីយ៍បានបន្តថា ការណ៍នេះ បានប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់អភិវឌ្ឍន៍ ដែលផ្តល់ផលប្រយោជន៍ដល់ជាតិ និងប្រជាជនដែលរស់នៅតំបន់នោះ៕ធ.ដ