សម្តេចតេជោ ហ៊ុន សែន ៖ ចំណុចខ្លាំងរបស់បក្សប្រជាជនកម្ពុជា គឺគ្មានអ្នកណាមកបំបែកបំបាក់បានឡើយ
(ព្រៃវែង)៖ ចំណុចខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា គឺមិនមានអ្នកណាមកបំបែកបំបាក់បានឡើយ ។ អ្នកដែលចង់បំបែក គណបក្សប្រជាជន តែងតែបែកខ្លួនឯងជានិច្ច ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយគណៈគ្រប់គ្រង បុគ្គលិកអប់រំ សាស្ត្រាចារ្យ សិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៃមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅក្នុងសាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង ។

សម្តេចតេជោ មានប្រសាសន៍ថា គណបក្សខ្លះអួតថា បក្សខ្លួនប្រជាធិតេយ្យ និងចោទគណបក្សប្រជាជន ថា កុម្មុយនីស ប៉ុន្តែការប្រជុំសមាជម្តងៗប្រើពេលតែ ២ម៉ោង ខុសពីគណបក្សប្រជាជន រាល់ការប្រជុំសមាជបក្សប្រើពេលយ៉ាងហោចណាស់ ២ថ្ងៃ ដើម្បីជជែកពិភាក្សាគ្នា ពីដំណើរការលទ្ធិប្រជាធិបតេយ្យក្នុងបក្ស ។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា គ្មានបក្សណាដែលមានប្រជាធិបតេយ្យផ្ទៃក្នុង ជាងគណបក្សប្រជាជននោះទេ ត្រូវចាំ។ គណបក្សខ្លះធ្វើសន្និបាត ២ម៉ោង មានអីជជែកគ្នា? ប៉ុន្តែគណបក្សប្រជាជន គ្រាន់តែការប្រជុំសមាជ គេហៅថា សន្និបាតមជ្ឈឹមបើកទូលាយ យ៉ាងហោចណាស់ ក៏ប្រើពេល ២ថ្ងៃដែរ ដើម្បីជជែកពីដំណើរការប្រជាធិបតេយ្យផ្ទៃក្នុង មិនមែនហៅគ្នាមកប្រជុំ គ្រាន់តែទះដៃនោះឡើយ ។

សម្តេចតេជោ បន្ថែមថា សម្រាប់គណបក្សប្រជាជន មុននឹងចេញគោលនយោបាយណាមួយ សេចក្តីព្រាងគោលនយោបាយនោះ ត្រូវបានបញ្ជូនទៅមូលដ្ឋានរួចជាស្រេច និងបានផ្តល់យោបលកែសម្រួលរួច ទើបចាប់ផ្តើមបើកមហាសន្និបាត និងមានការកែសម្រួលបន្ថែមទៀត ដើម្បីភាពសមហេតុសមផលសម្រាប់អនុវត្ត។ ប៉ុន្តែយ៉ាងណាមិញ លក្ខណៈពិសេសរបស់គណបក្សប្រជាជន គឺត្រង់ថា តែកាលណា គណបក្សសម្រេចហើយ គឺប្រើប្រាស់វិធានសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ភាគតិចគោរពត្រូវភាគច្រើន ប្រមូលផ្តុំប្រជាធិបតេយ្យ ។
ជាមួយគ្នានេះ សម្តេចតេជោ បានបញ្ជាក់ថា ចំណុចខ្លាំងរបស់គណបក្សប្រជាជន គឺគ្មានអ្នកណាមកបំបែកបានទេ បើទោះបីជាពេលខ្លះមានការលើកឡើងនូវមតិខុសៗគ្នា ប៉ុន្តែនេះ គឺជាដំណើរការ នៃលទ្ធប្រជាធិបតេយ្យក្នុងបក្ស ។
ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីមោទនភាពដ៏ធំបំផុតរបស់ គណបក្សប្រជាជន ដែលផ្តើមចេញពីចលនាតំបន់ខុសៗគ្នា ពេលវេលាខុសគ្នា ពី ៥ក្រុម ប៉ុន្តែមានគោលដៅរួម បញ្ចូលជាគណបក្សនយោបាយតែមួយ ហើយមានសាមគ្គីភាពដ៏រឹងមាំបំផុត គ្មានអ្នកណាអាចបំបែកបាន ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ សួង ពិសិដ្ឋ
