សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ពលរដ្ឋបោះឆ្នោតឱ្យបក្សប្រជាជន ព្រោះពេលលំបាក គឺមានវត្តមានបក្សប្រជាជន ចេញមុខដោះស្រាយគ្រប់កាលៈទេសៈ
(កំពង់ធំ)៖ ក្នុងពិធីបើកការដ្ឋានសាងសង់ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងរម្លឹកថា ប្រទេសមួយចំនួន ក្រោយពេលបោះឆ្នោត មិនមានលំនឹងសេដ្ឋកិច្ច លំនឹងនយោបាយ ដូចប្រទេសកម្ពុជា នោះទេ ខណៈមានប្រទេសខ្លះត្រូវផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាច្រើនរូបក៏មាន ។

សម្តេចថា នៅប្រទេសកម្ពុជា ប្រជាពលរដ្ឋ គឺត្រូវការគណបក្សប្រជាជនកម្ពុជា ជាពិសេស វត្តមានរបស់សម្តេចតេជោ ប្រធានគណបក្ស ដែលធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងជំនឿទុកចិត្ត ។
សម្តេចធិបតី បានថ្លែងដោយជឿជាក់ថា អ្វីដែលប្រជាជនបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា មិនមែនជាការចៃដន្យនោះទេ មិនមែនជាការបញ្ជា ឬយកកាំភ្លើងមកភ្ជុងឱ្យទៅបោះឆ្នោត ការសម្រេចិត្តនេះ ដោយសារតែគណបក្សប្រជាជនកម្ពុជា គឺប្រជាជនបានយល់ថា នៅពេលដែលលំបាកគ្មានអ្នកណាទេ ក្រៅពីគណបក្សប្រជាជនកម្ពុជា នៅពេលដែលកូវីដ វៃលុក សម្រាប់ប្រជាលរដ្ឋយើង គ្មានអ្នកណាចេញមុខចាត់វិធានការ ជួយសម្រួល ស្វែងរកថ្នាំ ជួយដោះស្រាយបញ្ហាសេដ្ឋកិច្ច ដល់ប្រជាជនដែលប៉ះពាល់ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ ដើម្បីដឹកនាំប្រទេសជាតិ នឹងនៅតែបម្រើបុព្វហេតុជាតិ និងប្រជាជនជាធំ នៅគ្រប់កាលៈទេសៈ មិនរត់ចោលប្រជាជនឡើយ ។
បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅពេលដែលប្រជាជនកម្ពុជា ជួបការលំបាកមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា មិនមានការរើសអើងនោះទេ ពោលគឺចេញមុខមកជួយសម្រួល និងដោះស្រាយបញ្ហានៅចំពោះមុខភ្លាមៗ ជូនដល់ប្រជាពលរដ្ឋ។ ត្រង់ចំណុចនេះហើយនៅឆ្នាំ២០២៣ កន្លងទៅ អ្នកដែលធ្លាប់បោះឆ្នោត ឱ្យបក្សផ្សេងកន្លងទៅក៏បានមកបោះឆ្នោតឱ្យគណបក្សប្រជាជនភ្លុកទឹក ភ្លុកដី ។
សម្តេចធិបតី បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងមិនធ្វើអ្វី ដែលខូចប្រយោជន៍ជាតិនោះទេ គោលនយោបាយរបស់បក្សដាក់ចេញ មិនឱ្យបំផ្លាញជាតិនោះទេ មានតែជួយជាតិ និងប្រជាជន ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត
