សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំជាច្រើនទៀត អញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប ១០ឆ្នាំ និង ១៦ឆ្នាំ នៃការចូលមរណភាពសម្តេច ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន

(ព្រៃវែង)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា រួមទាំងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនជាតិ រួមមានសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត អញ្ជើញចូលរួមក្នុងពិធីសូត្រមន្តបុណ្យគម្រប់ខួប ១០ឆ្នាំ និង ១៦ឆ្នាំ នៃការចូលមរណភាពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ។

គិតមកដល់ឆ្នាំ២០២៥នេះ គឺមានរយ:ពេល ១០ឆ្នាំហើយ នៃមរណភាពរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយក៍រយៈពេល ១៦ឆ្នាំដែរ នៃការចូលមរណភាព របស់ លោកជំទាវ ញ៉ែម សឿន ជាស៊ីម។

ក្នុងឱកាសអញ្ជើញដល់ទីតាំងប្រារព្ធ ពិធីសម្តេចតេជោ ហ៊ុនសែន បានអញ្ជើញទស្សនាពិព័រណ៍រូបថត និងអញ្ជើញអុចធូប ក្នុងប្រាង្គចេតិយ៍តម្កល់អដ្ឋិធាតុសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជានិមិត្តរូបនៃការគោរពដ៍ខ្ពង់ខ្ពស់ចំពោះអតីតថ្នាក់ដឹកនាំគណបក្សប្រជាជន គឺសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ដែលធ្លាប់រួមគ្នាតស៊ូវាយផ្តួលរំលំរបស់ខ្មែរក្រហមរំដោះប្រជាជននិងប្រទេសជាតិនិងបន្តរួមចំណែកកសាងនិងអភិវឌ្ឍប្រទេសជាតិ ជាមួយគ្នានៅគ្រប់ដំណាក់កាល ។

សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម គឺជាអ្នកនយោបាយវ័យចំណាស់លេចធ្លោ ១រូប នៅក្នុងប្រទេសកម្ពុជា ដោយទទួលបាន ការគោរពស្រលាញ់ពីប្រជាពលរដ្ឋជាទូទៅពីថ្នាក់ដឹកនាំជាតិនិងអន្ដរជាតិនៅក្នុងប្រទេសនិងលើពិភពលោក។ សម្តេចបានក្លាយ ជាប្រធានរដ្ឋសភា ចាប់តាំងពីឆ្នាំ១៩៨១ដល់១៩៩៨ ហើយបានក្លាយ ជាប្រធានព្រឹទ្ធសភាមួយឆ្នាំបន្ទាប់គឺចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់ឆ្នាំ២០១៥។

កម្មវិធីបុណ្យ បានប្រព្រឹត្តិទៅ តាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា ដោយមានបា្ររព្ធពិធី សមាទានសីល តាមសិក្ខាបទដើម្បីរំលឹកដល់គុណបុណ្យព្រះរតនត្រ័យនិងព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូដែលព្រះអង្គត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពោធិញាណ និងព្រះធម៌វិន័យ ដ៏វិសេសវិសាលបន្សល់ទុក អោយពុទ្ធបរិស័ទគ្រប់ ជំនាន់គោរពប្រតិបត្តិរហូតដល់ពេលបច្ចុប្បន្នហើយមុន យាងចូលបរិនិព្វានព្រះអង្គទ្រង់ត្រាស់កំណត់ សាសនារបស់តថាគតគឺគង់វង្សគ្រប់៥ពាន់ព្រះវស្សា។

ពុទ្ធោវាទ និងព្រះធម៌វិន័យរបស់ព្រះអង្គគឺជាប្រទីបបំភ្លឺផ្លូវដល់មនុស្សលោកគ្រប់រូប ប្រកាន់ខ្ជាប់នូវអំពើល្អ អំពើជាកុសល លះបង់អំពើបាប អំពើជាអកុសល សាងនូវកុសលទាន តម្កល់ទុកសំរាប់អនាគតជាតិ។ ពិសេសនោះ ពុទ្ធបរិស័ទគ្រប់រូប ត្រូវគោរព ប្រតិបត្តិ និងដឹងគុណចំពោះ ថ្នាក់ដឹកនាំ និងបុព្វការីជន មានមាតាបិតា ទាំងរូបលោកនៅ មានអាយុសង្ខាក្ដីឬ មរណៈកាលទៅ ហើយក្ដីដូចដែល សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីជាបុត្រាបុត្រីនិងចៅៗ ព្រមទាំងក្រុមគ្រួសារ បាននិងកំពុងប្រណិបត្តិ ទាំងពេលកន្លងមក និងថ្ងៃនេះ គឺបានបង្ហាញ ពីក្តីកត្តញូ កត្តវេទិតាធម៌ដ៍ខ្ពង់ខ្ពស់បំផុត សំរាប់ជាការតបស្នងសងគុណ ចំពោះមាតាបិតា និងបុព្វការីជន ដែលបាន ចែកឋានទៅកាន់បរលោក ឯនាយខាងមុខ យ៉ាងពិតប្រាកដ។

កម្មវិធីបុណ្យនាល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ចាប់ បន្ទាប់សម្តេច ឯកឧត្តម លោកជំទាវ ជាម្ចាស់ផ្តើមបុណ្យ ប្រគេន ទេយ្យទាននិងបច្ច័យ ប្រគេន ព្រះធម្មកថិក ដែលបាននិមន្ត សម្តែងធម៌ទេសនា ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner