នាយករដ្ឋមន្ត្រីសិង្ហបុរី និងលោកជំទាវ អញ្ជើញមាតុភូមិនិវត្តន៍ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ឡរ៉េន ម៉ុង (LAWRENCE WONG) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី និងលោកជំទាវ រួមទាំងគណៈប្រតិភូរដ្ឋាភិបាលសិង្ហបុរី បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសសិង្ហបុរីវិញ នៅយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល១ថ្ងៃ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានេះ ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី និងលោកជំទាវ រួមទាំងគណៈប្រតិភូ បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង និងជំនួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងជំនួបទ្វេភាគី ជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងជំនួបទ្វេភាគីជាមួយសម្តេចរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្នាក់ដឹកនាំទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ យូរអង្វែង និងប្រកប ដោយផ្លែផ្ការវាងកម្ពុជា-សិង្ហបុរី ព្រមទាំងសម្តែងក្តីរីករាយ និងស្វាគមន៍ចំពោះការរៀបចំនូវព្រឹត្តិការណ៍នានា ដើម្បីអបអរសាទរខួបទី៦០ នៃការបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរ បាន វាយតម្លៃខ្ពស់អំពីការសម្រេចបាននូវសមិទ្ធផលជាច្រើន ដែលកើតចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើគ្រប់កម្រិត និងគ្រប់វិស័យ ព្រមទាំងប្តេជ្ញាបន្តជំរុញពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

បន្ថែមលើនេះ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សានិងឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន ពាណិជ្ជកម្ម វិនិយោគនិងហិរញ្ញវត្ថុ ការតភ្ជាប់ ប្រជាជននិងប្រជាជន ការពារជាតិនិងសន្តិសុខ កសិកម្ម សន្តិសុខស្បៀងនិងថាមពល និងការបណ្តុះបណ្តាលជំនាញ និងវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាអំពីកិច្ចសហប្រតិបត្តិការ នៅក្នុងក្របខ័ណ្ឌតំបន់និងអន្តរជាតិ ដើម្បីជាឧត្តមប្រយោជន៍នៃប្រទេសនិងប្រជាជនទាំងពីរ ។

ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញ រួមដំណើរជាមួយ លោកជំទាវ ជីលុយ លូ ភរិយា ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី អញ្ជើញទស្សនកិច្ចសារមន្ទីរជាតិ នៃកម្ពុជា នៅរាជធានីភ្នំពេញ ។

គួរកត់សម្គាល់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ឡរ៉េន ម៉ុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ សិង្ហបុរី នៅកម្ពុជានាពេលនេះ បង្ហាញឱ្យឃើញពីតួនាទីកាន់តែសំខាន់របស់កម្ពុជានៅក្នុងតំបន់ ជាពិសេសបង្ហាញពី ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងកម្ពុជា និងសិង្ហបុរី ។

ដំណើរទស្សនកិច្ចនេះ គឺជាឧទាហរណ៍ជាក់ស្តែងមួយទៀត សបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលជោគជ័យកាន់តែខ្លាំងឡើងជាលំដាប់នៅក្នុងនយោបាយការទូតរបស់ខ្លួន ដោយកសាងបានទំនាក់ទំនងល្អ និងកាន់តែស៊ីជម្រៅជាមួយបណ្តាប្រទេសជាមិត្តនៅគ្រប់ ជ្រុងជ្រោយនៃពិភពលោក។

ដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលសិង្ហបុរី ក៏បានពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដ៏ល្អដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner