សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៃមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ

(ព្រៃវែង)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង បុគ្គលិកអប់រំ សាស្ត្រាចារ្យ សិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៃមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅក្នុងសាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង ។

តាមរបាយការណ៍ ឯកឧត្តមបណ្ឌិត សិត ខន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ បានឱ្យដឹងថា សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ឈ្មោះដើមហៅថា សាកលវិទ្យាល័យមហាឥសីវេទ បង្កើតឡើងនៅឆ្នាំ១៩៩៣ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាធម្មពោធិ សាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និងសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដោយមានកិច្ចសហប្រតិបត្តិការរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយអង្គការមូលនិធិអូស្ត្រាលីសម្រាប់ជំនួយកម្ពុជា ក្នុងគោលបំណងចង់ឱ្យសិស្សដែលបញ្ចប់ ថ្នាក់មធ្យមសិក្សាទុតិយភូមិនៅតំបន់នេះ និងបណ្តាខេត្តផ្សេងៗទៀត អាចមានលទ្ធភាពបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។ សាកលវិទ្យាល័យបានប្តូរឈ្មោះជាបន្តបន្ទាប់មកជាសាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ ដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០០៨ តាមសំណើរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺក្រោយពេលដែលអង្គការមូលនិធិអូស្ត្រាលីសម្រាប់ជំនួយកម្ពុជា បានបញ្ចប់បេសកកម្ម ហើយការបណ្តុះបណ្តាលនិស្សិតនៅសាកលវិទ្យាល័យត្រូវស្ថិតក្រោមការដឹកនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ។ ចាប់ពីពេលនោះមក រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ភារកិច្ចជូនសម្តេចក្រឡាហោម ស ខេង ដឹកនាំកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានារបស់សាកលវិទ្យាល័យ និងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់បំផុតសម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៣ ។

បច្ចុប្បន្ន មន្ត្រីក្របខ័ណ្ឌ និងមន្ត្រីជាប់កិច្ចសន្យាសរុប ដែលកំពុងបម្រើការងារនៅសាកលវិទ្យាល័យជាតិជាស៊ីម កំចាយមារ រួមមាន ៖ សាកលវិទ្យាធិការ ០១នាក់, សាកលវិទ្យាធិការរង ០៣នាក់, មន្ត្រីក្របខ័ណ្ឌសរុបចំនួន ៨៨នាក់ ស្រី ១៨នាក់, មន្ត្រីជាប់កិច្ចសន្យារបស់រដ្ឋសរុបចំនួន ០៥នាក់ ស្រី ០០នាក់, មន្ត្រីជាប់កិច្ចសន្យារបស់គ្រឹះស្ថានសរុបចំនួន ៦៦នាក់ ស្រី ២០នាក់, មន្ត្រីដែលមានសញ្ញាបត្របរិញ្ញាបត្រសរុបចំនួន ០៦នាក់ ស្រី ០២នាក់, មន្ត្រីដែលមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់សរុបចំនួន ៧៨នាក់ ស្រី ១៤នាក់ និងមន្ត្រីដែលមានសញ្ញាបត្របណ្ឌិតសរុប ចំនួន ០៣នាក់ ស្រី ០១នាក់ ។ សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ មានមហាវិទ្យាល័យចំនួន ០៥ ដូចជា៖ ១-មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា, ២-មហាវិទ្យាល័យវិទ្យាសាស្ត្រ និងគណិតសាស្ត្រ, ៣-មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម, ៤-មហាវិទ្យាល័យគ្រប់គ្រង, ៥-មហាវិទ្យាល័យកសិកម្ម, និង វិទ្យាស្ថានអភិវឌ្ឍន៍សហគមន៍ ។ មជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ មានសិស្ស និស្សិតកំពុងសិក្សាចំនួន ៦,៦៨៧នាក់ ស្រី ៣,៨៧៣នាក់ ដែលស្មើនឹង ៥៨% និងមានបុគ្គលិកអប់រំសរុប ៣៤២នាក់ ស្រី ៧៥នាក់ ។ សាកលវិទ្យាល័យនេះ មានបរិវេណសិក្សាទំនើប រួមមាន៖ បណ្ណាល័យ មន្ទីរពិសោធន៍ និងមជ្ឈមណ្ឌលកុំព្យូទ័រ ដើម្បីគាំទ្រដល់ការសិក្សា និងការស្រាវជ្រាវរបស់និស្សិត។ សាកលវិទ្យាល័យនេះក៏ជំរុញឱ្យមានសកម្មភាពក្រៅកម្មវិធីសិក្សា ពិធីបុណ្យសាសនា និងកីឡា ដើម្បីធានាឱ្យនិស្សិតមានការអភិវឌ្ឍន៍ពេញលេញ។ តាមរយៈការបង្កើតបរិយាកាសសិក្សាដ៏គាំទ្រ និងរួមបញ្ចូលគ្នា សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ស្វែងរកការបណ្តុះបណ្តាលនិស្សិតឱ្យក្លាយជាអ្នកដែលមិនត្រឹមតែមានចំណេះដឹងខាងផ្នែកវិជ្ជាជីវៈប៉ុណ្ណោះទេ ថែមទាំងមានសមត្ថភាពខាងសង្គម និងអាចប្រកួតប្រជែងនៅក្នុងពិភពលោក ។

ស្ថានភាពនិស្សិតឆ្នាំសិក្សា ២០២៤-២០២៥ ទីតាំងគោលមានសិស្ស និស្សិត ចំនួន ១.៥៤៤ នាក់ ស្រី ៩១០ នាក់, សាខាខេត្តព្រៃវែង មានសិស្ស និស្សិត ចំនួន ១.០០២ នាក់ ស្រី ៦០៣ នាក់ និង សាខាខេត្តកំពង់ចាម មានសិស្ស និស្សិត ចំនួន ១.២០៨ នាក់ ស្រី ៧៦១ នាក់ ដោយសរុបជារួមទាំងបីទីតាំង ចំនួន ៣.៧៥៤ នាក់ ស្រី ២.២៧៤ នាក់

រយៈពេលជាង ៣០ឆ្នាំ ចាប់តាំងពីការបង្កើតឡើងដំបូងនៅឆ្នាំ ១៩៩៣ រហូតមកដល់បច្ចុប្បន្ន សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ បានបណ្តុះបណ្តាលនិស្សិតបញ្ចប់ការសិក្សាចំនួន ២៦ជំនាន់រួចមកហើយ និងមាននិស្សិតបញ្ចប់ការ សិក្សាសរុបចំនួន ១៧.៦៧១ នាក់ នារី ៦.៧១៦ នាក់។ បច្ចុប្បន្ន អតីតនិស្សិតទាំងនោះបាននិងកំពុង បម្រើការងារនៅក្នុងស្ថាប័នរដ្ឋ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នអន្តរជាតិប្រកបដោយ សមត្ថភាព វិជ្ជាជីវៈខ្ពស់ មានឧត្តមភាព សេចក្តីថ្លៃថ្នូរ និងប្រកបដោយកិត្តិយស ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner