ក្រុម Hamas កំពុងពិចារណាលើសំណើបទឈប់បាញ់ ៦០ថ្ងៃរបសលោក Trump
សាណាអា ៖ ពួកហាម៉ាស់បាននិយាយកាលពីថ្ងៃពុធថា ក្រុមខ្លួនកំពុងពិភាក្សាលើសំណើបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលទទួលបានពីភាគីអ្នកសម្របសម្រួល ក្រោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា អ៊ីស្រាអែលគាំទ្របទឈប់បាញ់រយៈពេល ៦០ថ្ងៃ។
ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមខ្លួនកំពុងពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីពិភាក្សាពីអ្វីដែលយើងបានទទួលពីសំណើររបស់អ្នកសម្របសម្រួល។
ក្រុមហាម៉ាស់ថា ពួកខ្លួនក៏មានគោលបំណងសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងមួយ ដែលធានាដល់ការបិទបញ្ចប់ការឈ្លានពាន និងការដកខ្លួនរបស់កងទ័ពអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សា ក៏ដូចជាជួយប្រជាជននៅទីនោះជាបន្ទាន់។
សង្រ្គាមជិត២១ខែរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានបង្កើតលក្ខខណ្ឌមនុស្សធម៌ដ៏អាក្រក់បំផុតមិនធ្លាប់មាន សម្រាប់ប្រជាជនជាងពីរលាននាក់រស់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។
អ៊ីស្រាអែលបានបើកការវាយលុកសងសឹកការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣របស់ក្រុមហាម៉ាស់ ដែលបានបណ្តាលឱ្យមនុស្សចំនួន១.២១៩នាក់ស្លាប់បាត់បង់ជីវិត ដែលភាគច្រើនជាជនស៊ីវិល នេះបើយោងតាមការបូកសរុបរបស់សារព័ត៌មាន AFP ដោយផ្អែកលើតួលេខផ្លូវការរបស់អ៊ីស្រាអែល។
យុទ្ធនាការយោធាសងសឹករបស់អ៊ីស្រាអែល ក៏បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៧.០១២នាក់នៅតំបន់ហ្គាហ្សា ដែលភាគច្រើនជាជនស៊ីវិលផងដែរ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ក្រុមហាម៉ាស់ ខណៈដែលអង្គការសហប្រជាជាតិបានចាត់ទុកតួលេខនេះគួរឱ្យទុកចិត្ត៕



ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា