ការបក់ទង់ចេញដំណើររបស់ក្រុមប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ Khmer Rally Raid 2019 គឺជាផ្តល់សារអប់រំមួយ ពាក់ព័ន្ធនិងការរក្សាបរិស្ថាន និងធនធានធម្មជាតិ
រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បញ្ជាក់ថា ការប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ Khmer Rally Raid 2019 ឆ្លងកាត់ដែនជំរកសត្វព្រៃ « ព្រៃឡង់ » ក្រោមប្រធានបទ «រួមគ្នាថែរក្សាបរិស្ថាន និងធនធានធម្មជាតិ» គឺជាចូលរួមក្នុងការផ្តល់សារអប់រំមួយ ពាក់ព័ន្ធនឹងការរក្សាបរិស្ថាន និងធនធានធម្មជាតិ របស់កម្ពុជា ដែលស្ថិតក្នុងខេត្តចំនួន៤ ការអះអាងនេះគ្រាដែល ឯកឧត្តម ចូលរួមបក់ទង់ចេញដំណើរការប្រកួតជាផ្លូវការ នាល្ងាចម្សិលមិញ នៅស្ថានីយ៍ប្រេង តូតាល់ នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ឯកឧត្តម រដ្ឋលេខាធិការ បន្តថា ក្នុងចំណោមខេត្តទាំង៤ខាងលើ គឺក្រុមអត្តពលិកយានយន្តទាំងជាតិ និងអន្តរជាតិ នឹងឆ្លងកាត់ខេត្ត២ គឺខេត្តកំពង់ធំ និងខេត្តព្រះវិហារ ។ ឯកឧត្តម សង្ឃឹមថា អ្វីដែលលទ្ធផលចេញពីការប្រណាំងនេះ គឺនឹងផ្តល់នូវសារអប់រំជាពិសេសគឺការថែរក្សាបរិស្ថាន ការអភិរក្សធនធានធម្មជាតិ ដល់បងប្អូនប្រជាពលរដ្ឋ ដូចជាការចូលរួមលើកស្ទួយនូវការការពារធនធានធម្មជាតិផង និងទេសចរធម្មជាតិផង ពីព្រោះតំបន់អភិរក្សព្រៃឡង់ គឺជាតំបន់អេកូទេសចរដ៏សំបូរបែប មានទេសភាពស្អាត មានព្រៃឈើ និងមានដែនជំរកសត្វព្រៃកម្រៗផងដែរ ។
ឯកឧត្តម នេត្រ ភក្ត្រា បន្ថែមថា ក្រៅពីឆ្លងកាត់ដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្រុមកីឡាករក៏នឹងឆ្លងកាត់ដែនជម្រកសត្វព្រៃមួយចំនួនទៀត ដូចជា ដែនជម្រកសត្វព្រៃ «បឹងពែ» ដែនជម្រកសត្វព្រៃ «ព្រៃព្រះរកា» នៅខេត្តព្រះវិហារ ហើយឆ្លងកាត់តំបន់ឧទ្យានជាតិភ្នំគូលែន និងតំបន់ការពារធម្មជាតិជាច្រើនទៀត នៅខេត្តសៀមរាប ។ រដ្ឋលេខាធិការរូបនេះ បានបង្ហាញការជឿជាក់ថា ព្រឹត្តិការណ៍នេះក៏ជាផ្នែកមួយសម្រាប់ទាញការចាប់អារម្មណ៍របស់សាធារណជន ឱ្យចូលរួមថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិ ពិសេសការទប់ស្កាត់ការកាប់បំផ្លាញធនធានធម្មជាតិផងដែរ ។
សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ Khmer Rally Raid 2019នេះ ចាប់ផ្តើមចេញដំណើរពីថ្ងៃទី១៧ដល់ទី២០ ខែឧសភា ឆ្នាំ២០១៩ ឆ្លងកាត់ខេត្តចំនួន៣ រួមមាន៖ ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តសៀមរាប លើចំងាយផ្លូវសរុបប្រមាណជាង ៦២៤គីឡូម៉ែត្រ ដោយមាន ក្រុមម៉ូតូប្រណាំងចំនួន ២០គ្រឿង ក្រុមរថយន្ត ចំនួន២១គ្រឿង ក្នុងនោះមានរថយន្តប្រណាំងរបស់ក្រុមកីឡាករជាតិចំនួន១៥គ្រឿង រថយន្តប្រណាំងរបស់ក្រុមកីឡាករអន្តរជាតិចំនួន ៤គ្រឿង និងរថយន្ត Service ចំនួន ១៥ គ្រឿង ៕ធ.ដ