ពលរដ្ឋ៩ភូមិក្នុងសង្កាត់បីនាក្រុងសែនមនោរម្យ លែងបារម្មណ៍ការខ្វះទឹកទៀតហើយ

អត្ថបទដោយ៖
Kien Sereyvuth

មណ្ឌលគិរី៖យ៉ាងហោចណាស់ប្រជាពលរដ្ឋជាង១ពាន់គ្រួសារ ដែលរស់នៅក្នុងសង្កាតបី នាក្រុងសែនមនោរម្យ និងលែងព្រួយបារម្មណ៍លើបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ គ្រាដែលអាជ្ញាធរបានរៀបប្រព័ន្ធទុយោបូមទឹកចេញពីប្រភពទឹកថ្មីមួយទៀត ដែលមានលទ្ធភាពផ្គត់ផ្គង់ទឹកចាប់ពីឥលូវ រហូតដល់រដូវវស្សា។

នៅប៉ុន្មានថ្ងៃកន្លងទៅនេះអាជ្ញាធរក្រុងក៏ដូចជារដ្ឋាករទឹកខេត្តមណ្ឌលគិរី បានសម្រេចទាញយកទឹកពីទំនប់កែវឡាយ ដែលមានប្រវែង៩០០ម៉ែត្រពីអាងចម្រោះរបស់ស្ថានីយ៍ទឹកស្អាតក្រុងសែនមនោរម្យ។ហើយការបូមទឹកពីទំនប់ថ្មីនេះ ត្រូវគេបញ្ជាក់ថា ផ្អាកការទាញយកទឹកពីទំនប់បឹងលើនិងយកពី បឹងទំនប់ក្រោមមួយផ្នែកតែប៉ុណ្ណោះ។

ប្រធានរដ្ឋាករទឹកខេត្តមណ្ឌលគិរីលោក សូ សុវណ្ណារិទ្ឋ បានឲ្យដឹងដែរថា គិតចាប់ពីទំនប់ទឹកកែវឡា ទៅស្ថានីយ៍ទឹកស្អាត មានចម្ងាយប្រហែល៩០០ម៉ែត្រ ហើយផ្អែកតាមការសិក្សាទំនប់ទឹកកែវឡា មានលទ្ធភាពផ្គត់ផ្គង់ទឹកជាង១០០ម៉ែត្រគូបឯណោះ ក្នុង១ម៉ោង។លោកថាមន្ត្រីជំនាញនឹងបូមតែ៤០ម៉ែត្រគូបប៉ុណ្ណោះ ក្នុង១ម៉ោង ដើម្បីយកទៅស្ថានីយទឹកស្អាត ហើយគួបផ្សំជាមួយការបូមទឹក៥០ម៉ែត្រគូប ក្នុង១ម៉ោង ពីបឹងទំនប់ក្រោមទៀតនោះ គឺអាចផ្ដល់ឲ្យប្រជាពលរដ្ឋក្នុងក្រុងសែនមនោរម្យប្រើប្រាស់បានយ៉ាងគ្រប់គ្រាន់ រហូតដល់រដូវវស្សាមកដល់ក្នុងពេលឆាប់ៗខាងមុខ ។

លោកបន្តថា សព្វថ្ងៃនៅក្រុងសែមនោរម្យ ប្រភពទឹកធំៗនិងច្រើនជាងគេ គឺមានតែទឹកទំនប់លើនឹងទំនប់ក្រោមប៉ុណ្ណោះ ហើយបច្ចុប្បន្នអង្គភាពទឹកស្អាត មានអតិថិជនទទួលសេវាក្នុងក្រុងសែនមនោរម្យ ចំនួន ១ ១៦០គ្រួសារ ស្មើរ៩ភូមិ ៣សង្កាត់។
 

តាមរយៈប្រព័ន្ធទូរសព្ទលោក ឡុង វិបុល អភិបាលក្រុងសែនមនោរម្យបានលើកឡើងថា ការរៀបចំបូមទឹកពីទំនប់កែវឡា យកមកផ្គត់ផ្គង់បន្ថែម ព្រោះតែបឹងទំនប់លើនិងបឹងទំនប់ក្រោម ដែលជាប្រភពទឹកធំនិងជាប្រភពទឹកទីមួយរបស់ស្ថានីយទឹកស្អាត បាននិងកំពុងរីងហួតជាបន្តបន្ទាប់ ក្នុងនោះបឹងទំនប់លើរីងខ្លាំងតែម្ដង ដោយមិនអាចបូមទឹកយកមកស្ថានីយបានទៀតទេក្នុងរដូវប្រាំងនេះ ប្រសិននៅតែបន្តបូមអាចនឹងបាត់បង់ជម្រកត្រី ។

លោកអភិបាលក្រុងសែនមនោរម្យបញ្ជាក់ថា សម្រាប់បឹងទំនប់ក្រោមគឺនៅអាចបន្តបូមទឹកមកចែកចាយបានជាធម្មតា ទោះបីជាស្ថានភាពទឹករៀងស្រកបន្តិចក្ដី ដោយផ្អាកបូមតែបឹងទំនប់លើប៉ុណ្ណោះ ។លោកថា ខេត្តមណ្ឌលគិរីទោះបីជាទំបន់ភ្នំ ប៉ុន្តែមិនខ្វះខ្វាតទឹកនោះទេ ព្រោះមានប្រភពទឹកបឹងនិងអូរច្រើនកន្លែង អាចស្ទាក់ទប់ទឹកយកមកប្រើបានក្នុងករណីចាំបាច់ ដោយឡែកចំពោះក្រុងសែនមនោរម្យ ក្នុងករណីទំនប់កែវឡា មិនអាចផ្គត់ផ្គង់ទឹកគ្រប់គ្រាន់នោះ ក៏នៅមានទំនប់ទឹកពីរកន្លែងទៀតនៅផ្លូវវៀងក្រុង ដែលអាចយកមកប្រើបានដូចគ្នា៕   ដោយ៖សាតចាន់បុត្រ

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner