សម្តេចធិបតី ៖ រឿងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបង្កើតច្បាប់ដកសញ្ជាតិ សម្តៅលើខ្មែរណា ប្រឆាំងនឹងផលប្រយោជន៍របស់ខ្មែរ

(កំពង់ធំ)៖ ក្នុងពិធីបើកការដ្ឋានសាងសង់ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបានបញ្ជាក់ថា រឿងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបង្កើតច្បាប់ដកសញ្ជាតិ សម្តៅលើខ្មែរណា ប្រឆាំងនឹងផលប្រយោជន៍របស់ខ្មែរ។ ឥលូវអ្នកខំភ័យធ្វើអី បើអ្នកឯងស្នេហាជាតិ ប្តេជ្ញាចិត្ត ទោះបីដង្ហើមចុងក្រោយមិនប្រឆាំងផលប្រយោជន៍ជាតិខ្មែរ អ៊ីចឹងកុំភ័យព្រួយពេក ។ បើសិនអ្នក មានផែនការបំផ្លាញ គប់គិតជាមួយបរទេស បំផ្លាញផលប្រយោជន៍ជាតិខ្មែរ អាហ្នឹងអ្នកឯងភ័យចុះ។ ប៉ុន្តែបើអ្នកបែបហ្នឹង មិនគួរជាខ្មែរទេ។ និយាយឲ្យច្បាស់តែម្តង ។

សម្តេចធិបតី បានបន្ថែមថា បើអ្នកមិនគប់គិតជាមួយបរទេស បំផ្លាញខ្មែរទេ កុំមានការព្រួយបារម្ភ អ្នកនយោបាយគេមិនដែលទៅគប់គិតជាមួយបរទេស ដើម្បីបំផ្លាញជាតិឯងនោះទេ។ ការដកសញ្ជាតិ មិនមែនមានតែប្រទេសផ្តាច់ការទេ ប្រទេសប្រជាធិបតេយ្យក៏មានដូចគ្នា ។

តាមការស្រាវជ្រាវចុងក្រោយ នៅឆ្នាំ២០២២ លើប្រទេសចំនួន ១៩០ ក្នុងចំណោមប្រទេសទាំង ១៩៥ លើពិភពលោក មានប្រទេសចំនួន ១៥០ ឬស្មើនឹង ៧៩% មានច្បាប់ដកសញ្ជាតិ។ ក្នុង​ចំណោម​ប្រទេស​ទាំង​នោះ មាន​ប្រទេស​ចំនួន ១៣៤ អាចដក​សញ្ជាតិ​ពលរដ្ឋខ្លួនដោយផ្អែកលើហេតុផល ដូចជា៖ ភាពមិនស្មោះត្រង់ ការគំរាមកំហែងសន្តិសុខជាតិ ឬបទល្មើសដែលទាក់ទងនឹងភេរវកម្ម។ ជាមួយគ្នានេះ ចាប់តាំងពីឆ្នាំ២០០០ មានប្រទេសដល់ទៅ ៣៧ បានបង្កើតច្បាប់នេះ ។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ ពិភាក្សា និងរៀបចំសេចក្តីក្រាបបង្គំទូលថ្វាយមតិ ចំពោះព្រះរាជសារ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ពិគ្រោះ មតិក្រុមប្រឹក្សាធម្មនុញ្ញ លើសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា ។

ជាលទ្ធផលនៃកិច្ចប្រជុំពេញអង្គ ក្រុមប្រឹក្សាធម្មនុញ្ញក្រាបបង្គំទូលថ្វាយព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះសេចក្តីស្នើសុំ ធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា អាចធ្វើទៅបាន។

សូម​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៥​កន្លង​មក សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​ឧបនាយករដ្ឋមន្ដ្រី កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ឱ្យពិចារណា​ធ្វើ​វិសោធនកម្ម​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ ជន​ទាំងឡាយ​ណា​គប់គិត ជាមួយ​បរទេសបំផ្លាញ​ខ្មែរ​។ ការ​ស្នើ​របស់សម្ដេច​តេ​ជោ ហ៊ុន សែន បាន​កើតឡើង​ចំ​ពេល​ក្រុមប្រឆាំងជ្រុលនិយមជា​ជនជាតិ​ខ្មែរ​មួយ​ក្តាប់​តូចរស់នៅ​បរទេសបាន​នឹង​កំពុង​វាយប្រហារ​ជាតិ​ឯង ក្នុង​ចេតនា​បំបាក់ទឹកចិត្ត និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ ក្នុង​កាលៈទេសៈកម្ពុជា​កំពុងកើត​មាន​ជម្លោះព្រំដែន​ជាមួយ​ថៃ ​៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner