ក្នុងរយៈពេល ៦ខែនៃឆ្នាំ២០២៥ កម្ពុជា ទទួលបានចំណូល ២៨៣.៤១លានដុល្លារ ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

(ភ្នំពេញ)៖ ក្នុងរយៈពេល ៦ខែនៃឆ្នាំ២០២៥កន្លងមកនេះប្រទេសកម្ពុជា បាននាំចេញអង្ករចំនួន ៣៨៧ ០៧០តោន ទៅកាន់ទីផ្សារអន្តរជាតិតាមរយៈក្រុមហ៊ុនចេញអង្ករចំនួន ៥០ក្រុមហ៊ុន សម្រេចបានទឹកប្រាក់ប្រមាណ ២៨៣.៤១លានដុល្លារ ។

បើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករ (CRF) នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥បានឱ្យដឹងថា ក្នុងរយៈពេល៦ខែនៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៣៨៧ ០៧០តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥០ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៣។

ប្រភពខាងលើនេះបានបញ្ជាក់ឱ្យដឹងថា សម្រាប់ការនាំចេញអង្ករទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦បានបរិមាណអង្ករចំនួន ១៨២ ៨៨៥តោន គិតជាទឹកប្រាក់ចំនួន ១៤៣.៦៤លានដុល្លារ។ការនាំទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ១០២ ៥០៩តោន គិតជាទឹកប្រាក់ចំនួន ៦០.២៥លានដុល្លារ និងទៅកាន់ប្រទេសក្នុងអាស៊ានចំនួន ៧ប្រទេសបានបរិមាណចំនួន ៥២ ៨៩០តោន គិតជាទឹកប្រាក់ចំនួន ៣៧.០៩លានដុល្លារ។

លើសពីនេះប្រទេស កម្ពុជាក៏បាននាំទៅកាន់គោលដៅ ៣២ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៤៨ ៧៨៥តោន គិតជាទឹកប្រាក់ចំនួន ៤២.៤២ លានដុល្លារ។

ចំពោះប្រភេទអង្ករដែលបាននាំចេញអង្កររួមមាន អង្ករក្រអូបចំនួន ៧៥ភាគរយ, អង្ករសគ្រាប់វែង ១៩.៦៨ភាគរយ, អង្ករចំហ៊ុយ ២.៤៩ភាគរយ, អង្ករសរីរាង្គចំនួន ២.១៣ភាគរយ និងអង្ករផ្សេងៗចំនួន ០.៧ភាគរយ។

គួររំលឹកដែរថានៅឆ្នាំ២០២៤កន្លងទៅ កម្ពុជាទទួលបានចំណូល ១ ៩៨៧,១៩ លានដុល្លារ ពីការនាំចេញស្រូវជាង ៥លានតោន និងអង្ករជាង ៦៥ម៉ឺនតោនទៅកាន់ទីផ្សារអន្តរជាតិ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner