សមាជិកសភាអាមេរិកធ្វើច្បាប់ឲ្យលោក Trump អាចផ្ដល់យន្តហោះ B-2 ទៅអ៊ីស្រាអែលទុកវាយអ៊ីរ៉ង់
វ៉ាស៊ីនតោន ៖ សមាជិករដ្ឋសភាអាមេរិកពីររូប បានបង្ហាញសេចក្តីព្រាងច្បាប់មួយ ដែលនឹងអនុញ្ញាតឲ្យលោកប្រធានាធិបតី Donald Trump ផ្តល់យន្តហោះទម្លាក់គ្រាប់បែក B-2 និងគ្រាប់បែកដ៏កំណាច «Bunker Buster» ទម្ងន់ ១៣.៦០៧គីឡូក្រាមដល់អ៊ីស្រាអែល បើសិនជាអ៊ីរ៉ង់ហ៊ានវាយប្រហារនាពេលអនាគត និងរកឃើញថា អ៊ីរ៉ង់នៅតែបន្តអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ។
សារព័ត៌មាន Fox News បានរាយការណ៍ថា ច្បាប់នេះមានឈ្មោះ «Bunker Buster Act» ត្រូវបានបង្ហាញកាលពីថ្ងៃទី២ ខែកក្កដា ដោយលោក Josh Gottheimer នៃរដ្ឋ New Jersey និងលោក Mike Lawler នៃរដ្ឋ New York ជាមួយគោលបំណងឲ្យលោក Trump ចាត់វិធានការដើម្បីធានាថា អ៊ីស្រាអែលបានរៀបចំវាយប្រហាររួចស្រេចគ្រប់កាលៈទេសៈ ប្រសិនបើអ៊ីរ៉ង់ស្វែងរកការអភិវឌ្ឍអាវុធនុយក្លេអ៊ែរមែន។
យ៉ាងណា ដើម្បីអនុម័តច្បាប់បាន គឺទាមទារឲ្យមានការឯកភាពផ្នែកនយោបាយខ្លាំងបំផុត និងត្រូវឆ្លងកាត់ឧបសគ្គនីតិវិធីជាច្រើននៅក្នុងប្រព័ន្ធនីតិប្បញ្ញត្តិរបស់សហរដ្ឋអាមេរិក។
សំណើនេះទៀតសោត ធ្វើឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលបើកការវាយប្រហារផ្លូវអាកាសរួមគ្នាវាយប្រហារទីតាំងនុយក្លេអ៊ែរស៊ីវិលរបស់អ៊ីរ៉ង់។
អ៊ីស្រាអែលបានចាប់ផ្តើមសង្រ្គាមផ្លូវអាកាសកាលពីថ្ងៃទី១៣ ខែមិថុនា ដោយវាយលុកទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ និងសម្លាប់មេបញ្ជាការយោធាកំពូលជាច្រើនរូប ក៏ដូចជាជនស៊ីវិលនៅក្នុងការវាយប្រហារដ៏ធំមិនធ្លាប់មានប្រឆាំងនឹងអ៊ីរ៉ង់។
អ៊ីរ៉ង់បានសងសឹកវិញ ដោយការផ្លោងមីស៊ីលលើទីតាំងយោធា ហេដ្ឋារចនាសម្ព័ន្ធ និងទីក្រុងរបស់អ៊ីស្រាអែល។ ចំណែកសហរដ្ឋអាមេរិកបានចូលរួមក្នុងសង្រ្គាមនេះ នៅថ្ងៃទី២២ ខែមិថុនា ដោយការទម្លាក់គ្រាប់ខ្នាតធំលើរោងចក្រនុយក្លេអ៊ែរចំនួន៣កន្លែងរបស់អ៊ីរ៉ង់ រួមមាន Fordo, Natanz និង Isfahan៕
ប្រភព ៖ Fox News ប្រែសម្រួល ៖ ឈឹម ទីណា
