ប្រតិភូកីឡាវាយសីនៃបណ្តាប្រទេសនានាមកដល់កម្ពុជា ត្រៀមប្រកួតជើងឯកអាស៊ាន ពីថ្ងៃ ទី០៧ កក្កដា តទៅ
ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីនៃបណ្តាប្រទេសនានាបានធ្វើដំណើរមកដល់កម្ពុជាជាបន្តបន្ទាប់ ដើម្បីត្រៀមការប្រកួតកីឡាវាយសី ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ពីថ្ងៃទី០៧-១២ ខែកក្កដា ឆ្នាំ២០២៥ នៅទីលានវាយសីនៃពហុកីឡដ្ឋានជាតិមរតកតេជោ។
ឯកឧត្តម កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជាបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍វាយសី ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ នៅកម្ពុជានេះ មាន៥ប្រទេសចូលរួមប្រកួតប្រជែងជូនជាតិរៀងៗខ្លួន ដូចជាម្ចាស់ផ្ទះ កម្ពុជា ឡាវ ព្រុយណេ មីយ៉ាន់ម៉ា និងទីម័រខាងកើត។ ឯកឧត្តមអគ្គលេខាធិការបន្ថែមថា នេះគឺជាលើកទី២ហើយ ដែលកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះ បន្ទាប់ពីកម្ពុជាធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះ លើកទី១ កាលពីឆ្នាំ២០២៣ ក្រោយបញ្ចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ការប្រកួតកីឡាវាយសីកម្រិតជើងឯកអាស៊ីអាគ្នេយ៍នេះត្រូវប្រកួតលើ៣ប្រភេទអាយុ ដូចជា៖ ក្រោមអាយុ១៥ឆ្នាំ ក្រោម១៧ឆ្នាំ និងក្រោម២៣ឆ្នាំ។ សម្រាប់សមាសភាពកីឡាករ កីឡាការិនីវាយសីកម្ពុជា រួមមាន៖ ផ្នែកក្រុម U23 មាន១២នាក់ ដែលនឹងចូលរួមប្រជែងជាមួយកីឡាករ កីឡាការិនីមកពីបណ្តាប្រទេសចំនួន៤ ក្នុងតំបន់ ខណៈផ្នែកក្រុមក្រោម១៧ឆ្នាំ មានកីឡាករ កីឡាការិនី៩នាក់ និងក្រោម១៥ឆ្នាំមានកីឡាករ កីឡាការិនីកម្ពុជា ៦នាក់។
ជាមួយគ្នានេះ ឯកឧត្តម កែវ រស់ តំណាង ឯកឧត្តម លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ ប្រធានសហព័ន្ធកីឡាវាយសី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ យុវជន ដែលស្រឡាញ់កីឡាកម្ពុជាសូមចូលរួមគាំទ្រលើកទឹកចិត្តដល់អត្តពលិកកម្ពុជាឱ្យបានច្រើនកុះករដោយសេរី នៅទីលានវាយសីនៃពហុកីឡដ្ឋានជាតិមរតកតេជោ។ សហព័ន្ធចាត់ទុកថា ការចូលរួមគាំទ្រដោយផ្ទាល់របស់ប្រិយមិត្តទស្សនិកជន គឺជាកម្លាំងចិត្តបន្ថែម ក្នុងការលើកទឹកចិត្តដល់កីឡាករ កីឡាការិនីកម្ពុជា ក្នុងការប្រជែងមេដាយជូនជាតិ៕





រូបភាព ជីម ភារ៉ា អត្ថបទ ជាវ ចន្ធូ