អេក្វាឌ័ររឹបអូសថ្នាំញៀនជិត៣តោន ពាក់ព័ន្ធនឹងក្រុមម៉ាហ្វីយ៉ាអាល់បានី
បរទេស ៖ អាជ្ញាធរ ប្រទេសអេក្វាឌ័រ នាពេលថ្មីៗនេះ
បានរឹបអូសថ្នាំញៀន ជិត៣តោន ដែលជាកម្មសិទ្ធិ របស់ក្រុមម៉ាហ្វីយ៉ា អាល់បានី។
ក្រុមនេះ មានទំនាក់ទំនង ជាមួយក្រុមជួញដូរ នៅប្រទេសកូឡុំប៊ី និងម៉ិកស៊ិក ក៏ដូចជា ក្រុមក្មេងទំនើង ក្នុងស្រុក ដែលកំពុងបង្ហូរឈាមក្នុងប្រទេស ជាការប្រយុទ្ធ ដើម្បីដណ្តើមអំណាច របស់ពួកគេ។
យោងតាមមេបញ្ជាការ យោធាភូមិភាគ លោក វរសេនីយ៍ឯក Victor Ordonez បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ ឲ្យដឹងថា «មនុស្ស ៥ នាក់ ត្រូវបានចាប់ខ្លួន នៅក្នុងប្រតិបត្តិការនេះ ហើយ ត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនង ជាមួយក្រុមម៉ាហ្វីយ៉ា អាល់បានី»។
ប៉ូលីស និងមន្ត្រីយោធា បានអនុវត្ត “ប្រតិបត្តិការ ដែលមានឥទ្ធិពលខ្ពស់” ដើម្បីរកឱ្យឃើញវត្ថុ ដែលក្លែងបន្លំ នៅក្នុងប្រអប់ដាក់ចេក។
ប្រទេស អេក្វាឌ័រ នៃតំបន់
ភាគពាយព្យអាមេរិកខាងត្បូង គឺជាប្រទេសស្ថិតកណ្តាល ចន្លោះរវាងប្រទេសកូឡុំប៊ី និងប្រទេសប៉េរូ ដែលសុទ្ធតែជាប្លុកប្រទេស ផលិតកូកាអ៊ីន ដ៏ធំបំផុត របស់ពិភពលោក អស់ជាច្រើនឆ្នាំមកនេះ៕


ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត