អ៊ុយក្រែនចោទកូរ៉េខាងជើងគ្រោងបញ្ជូនទ័ពបន្ថែម៣ម៉ឺនទៅជួយច្បាំងរុស្ស៊ី
ព្យុងយ៉ាង ៖ ប្រភពពីចារកម្មអ៊ុយក្រែនបានទម្លាយឱ្យដឹងថា កូរ៉េខាងជើងមានផែនការដាក់ពង្រាយទាហានដល់ទៅ ៣០.០០០នាក់បន្ថែមទៀត ដើម្បីជួយប្រយុទ្ធរុស្ស៊ីក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែន។
យោងតាមការវាយតម្លៃរបស់ទីភ្នាក់ងារចារកម្ម សារព័ត៌មាន CNN បានចេញផ្សាយថា កងទ័ពកូរ៉េខាងជើងទាំងនោះ អាចនឹងបញ្ជូនតាមជើងហោះទៅដល់ប្រទេសរុស្ស៊ីក្នុងពេលប៉ុន្មានខែខាងមុខ បន្ថែមពីលើកងទ័ពចំនួន ១១.០០០នាក់ដែលត្រូវបានបញ្ជូនកាលពីខែវិច្ឆិកា ក្នុងគោលបំណងជួយបណ្តេញកងកម្លាំងអ៊ុយក្រែន ដែលចូលទៅលុកលុយតំបន់ Kursk របស់រុស្ស៊ី។
ជាមួយគ្នានេះ មន្ត្រីលោកខាងលិចក៏បានឱ្យដឹងដែរថា ទាហានកូរ៉េខាងជើងប្រហែល ៤.០០០នាក់ត្រូវបានសម្លាប់ ឬរងរបួស ដោយសារជួយរុស្ស៊ីប្រយុទ្ធនឹងកងកម្លាំងអ៊ុយក្រែន ប៉ុន្តែកិច្ចសហប្រតិបត្តិការរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូកាន់តែរីកធំឡើងចាប់តាំងពីពេលនោះមក។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ក្នុងអំឡុងពេល២ខែខាងមុខ រុស្ស៊ីអាចនឹងបើកប្រតិបត្តិការទ្រង់ទ្រាយធំមួយនៅលើទឹកដីអ៊ុយក្រែន ក្រោយពីការដាក់ពង្រាយកងទ័ពក្នុងចំនួនដ៏ច្រើនរបស់កូរ៉េខាងជើង។
ការព្រមាននេះ ធ្វើឡើងគាប់ជួនគ្នាទៅនឹងរបាយការណ៍ដែលថា មានការសង្កេតឃើញកប៉ាល់ធំៗ និងយន្តហោះដឹកទំនិញនៅអាកាសយានដ្ឋាន Sunan របស់កូរ៉េខាងជើង ដូចគ្នាទៅនឹងការដាក់ពង្រាយកងទ័ពកាលពីឆ្នាំមុនទៅកាន់ប្រទេសរុស្ស៊ីអ៊ីចឹងដែរ។
ចារកម្មអ៊ុយក្រែនបានឲ្យដឹងទៀតថា ក្រសួងការពារជាតិរុស្ស៊ីមានសមត្ថភាពពេញលេញ ក្នុងការបង្វឹក និងបំពាក់នូវឧបករណ៍យោធាចាំបាច់ រួមមានទាំងសព្វាវុធ និងគ្រាប់រំសេវ ដើម្បីនាំទាហានកូរ៉េខាងជើងទៅកាន់សមរភូមិមុខឲ្យបានលឿនតាមដែលអាចធ្វើបាន៕
ប្រភព ៖ CNN ប្រែសម្រួល ៖ ឈឹម ទីណា