សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ថ្លែងអំណរគុណវីរកងទ័ព ដែលបានបំពេញកាតព្វកិច្ចនិងពលិកម្មយ៉ាងអង់អាចការពារព្រំដែន ជាខឿនឯករាជ្យជាតិ បូរណភាពទឹកដី

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា បានថ្លែងអំណរគុណនិងដឹងគុណជាអនេក ចំពោះបងប្អូនកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន និងមានស្មារតីមោះមុត ក្នុងបេសកកម្មការពារព្រំដែន ដែលជាខឿនឯករាជ្យជាតិ បូរណភាពទឹកដី និងមាតុភូមិ។ គំរូវីរភាពដ៏មហិមា ដែលមានតម្លៃមិនអាចកាត់ថ្លៃបាននេះ គឺជាកត្តាចាំបាច់បំផុតក្នុងការធានានូវសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងភាពសុខក្សេមក្សាន្តរបស់ប្រជាជន ហើយនេះ ជាគំរូដ៏ឧត្ដុង្គឧត្ដមសម្រាប់ប្រជាជនខ្មែរគ្រប់រូប ព្រមទាំងកូនចៅជំនាន់ក្រោយៗត្រូវរៀនសូត្រ និងយកតម្រាប់តាម ។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញដឹកនាំសមាជិកសមាជិការដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះសួរសុខទុក្ខនិងនាំយកអំណោយជាថវិកានិងសម្ភារៈប្រើប្រាស់ ចែកជូនវីរកងទ័ពដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនក្នុងខេត្តព្រះវិហារ នៅសុក្រទី៤ ខែកក្កដាឆ្នាំ២០២៥នេះ ។

ក្នុងពិធីសំណេះសំណាលជាលក្ខណៈមហាគ្រួសារខ្មែរក្នុងស្មារតី អ្នកជួរក្រោយគាំទ្រ នៅជាប់ជានិច្ចជាមួយយុទ្ធជនជួរមុខ នោះ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ ។

ភាគីថៃតែងតែចិញ្ចឹមចិត្តដណ្តើមទឹកដីកម្ពុជាតាំងពីអតីតកាលរហូតមក។ ដោយសារបញ្ហានយោបាយនៅទីក្រុងបាងកក ភាគីថៃបានបង្កជម្លោះ រំលោភបំពានលើ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដែលផ្ទុយនឹងកិច្ចព្រមព្រៀងទ្វេភាគី និងធម្មនុញ្ញសហប្រជាជាតិ ។ កម្ពុជាប្រាថ្នាធ្វើជាមិត្តល្អ ប៉ុន្តែគេចិញ្ចឹមចិត្តម្ដងហើយម្ដងទៀត ដណ្ដើមទឹកដីរបស់យើង។ សមដូចប្រសាសន៍សម្តេចតេជាលើកឡើងថា «មានមិត្តជិតខាងល្អដូចមានមាស ពេលមានមិត្តជិតខាងអាក្រក់ដូចមានមីន»។

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ដែលតំណាងឱ្យប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស និងក្រៅប្រទេសជាង ១៧លាននាក់ ក៏ដូចជាខ្លួនសម្តេចផ្ទាល់ ពិតជាមានមោទនភាពយ៉ាងខ្លាំង ដោយមានឱកាសបានមកជួបដោយផ្ទាល់ជាមួយបងប្អូន នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅតំបន់មុំបី ទិស ប្រាសាទព្រះវិហារ ខេត្តព្រះវិហារ រួមនឹងថ្នាក់ដឹកនាំកងវរៈសេនាតូចប្រចាំទិស ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ដោយស្មារតី និងឆន្ទៈមោះមុត និងម៉ឹងម៉ាត់ក្នុងជំហរការពារយ៉ាងដាច់ខាតនូវបូរណភាពទឹកដី អធិតេយ្យ និងឯករាជ្យ របស់មាតុភូមិកម្ពុជា។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ការសម្រេចចិត្តរបស់កម្ពុជាយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំបន់ទាំងនោះដោយសន្តិវិធីឱ្យបានឆាប់ចប់ជាស្ថាពរ ជាជាងបន្សល់ទុកបញ្ហាឱ្យនៅបន្តស្រពេចស្រពិលរយៈពេលវែង ដែលអាចបង្កឱ្យកើតមានជាជម្លោះប្រដាប់អាវុធសាជាថ្មី។

សម្ដេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាសូមសម្តែងនូវសាមគ្គីភាពនិងការគាំទ្រដល់រាជរដ្ឋាភិបាលដែលកំពុងប្រឹងប្រែង ស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃតាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងក្របខណ្ឌច្បាប់អន្តរជាតិ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner