ជប៉ុនគ្រោងទាញយករ៉ែកម្រនៅសមុទ្រជ្រៅជាលើកដំបូងក្នុងពិភពលោក
តូក្យូ ៖ ជប៉ុនគ្រោងទាញយករ៉ែកម្រ នៅសមុទ្រជ្រៅ ជាលើកដំបូង ក្នុងពិភពលោក
នៅខែមករា ខាងមុខ នេះបើតាមនាយកកម្មវិធីច្នៃប្រឌិត របស់រដ្ឋាភិបាលជប៉ុន អះអាងឲ្យដឹង កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។
កាលពីដើមសប្តាហ៍នេះ ប្រទេសជប៉ុន បានសន្យាថា នឹងធ្វើការជាមួយសហរដ្ឋអាមេរិក ឥណ្ឌា និងអូស្ត្រាលី ដើម្បីធានាឱ្យមានស្ថិរភាព នៃការផ្គត់ផ្គង់រ៉ែសំខាន់ៗ ខណៈដែលការព្រួយបារម្ភកើនឡើង លើការត្រួតត្រា របស់ប្រទេសចិន លើធនធានដ៏សំខាន់ ចំពោះបច្ចេកវិទ្យាថ្មីៗ ទាំងនេះ។
យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ បានឱ្យដឹងថា ប្រទេសចិនមានស្ទើរតែ ២ ភាគ ៣ នៃផលិតកម្មរ៉ែកម្រ និង ៩២ ភាគរយ នៃទិន្នផលចម្រាញ់ ជាសកល។
ចាប់តាំងពីខែមេសា ទីក្រុងប៉េកាំងបានទាមទារអាជ្ញាប័ណ្ណ នាំចេញវត្ថុធាតុកម្រទាំងនេះ ពីប្រទេសចិន ដែលជាវិធានការមួយ ដែលត្រូវបានគេមើលឃើញថា ដើម្បីសងសឹក ចំពោះការទប់ស្កាត់ របស់សហរដ្ឋអាមេរិក លើការនាំចូលទំនិញ របស់ចិន។
លោក Shoichi Ishii នាយកកម្មវិធីច្នៃប្រឌិតរបស់រដ្ឋាភិបាលជប៉ុន បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ថា រដ្ឋាភិបាលក្រុងតូក្យូ គ្រោងនឹងទាញយករ៉ែដ៏កម្រ ពីបាតសមុទ្រជ្រៅ ជាលើកដំបូង ក្នុងពិភពលោក
ចាប់ពីខែមករា ឆ្នាំក្រោយ។
លោក បាននិយាយទៀតថា ទូកខួងវិទ្យាសាស្ត្រនៅសមុទ្រទឹកជ្រៅ របស់ជប៉ុន ដែលមានឈ្មោះថា Chikyu will នឹងចាប់ផ្តើម សាកល្បងដំណើរការ ដើម្បីយកដីល្បាប់ នៅបាតសមុទ្រ។
កាសែត Nikkei បានរាយការណ៍ថា បេសកកម្មនេះ មានគោលបំណង ទាញយកភក់ចំនួន៣៥តោនពីបាតសមុទ្រ ក្នុងរយៈពេលប្រហែល ៣សប្តាហ៍។ ភក់១តោន ត្រូវបានគេរំពឹងថា នឹងមានសារធាតុរ៉ែកម្រ ប្រហែល២គីឡូក្រាម ដែលជារឿយៗ ត្រូវបានគេប្រើ ដើម្បីបង្កើតជាមេដែក ដែលចាំបាច់ នៅក្នុងគ្រឿងអេឡិចត្រូនិច ទំនើប៕
ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត