នាវាផ្ទុកយន្តហោះចម្បាំងអាមេរិកទៅដល់ហ្វីលីពីន ខណៈចិនកំពុងឃ្លាំមើល
ម៉ានីល ៖ នាវាផ្ទុកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរ George Washington របស់អាមេរិក ក្នុងដំណើរតាមផ្លូវសមុទ្រដ៏វែងឆ្ងាយ នៅទីបំផុតបានចូលចតដោយសុវត្ថិភាពនៅកំពង់ផែនៃរដ្ឋធានីរបស់ប្រទេសហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍ទី៣ ខែកក្កដា។

សារព័ត៌មាន AFP បានរាយការណ៍ថា ការបំពេញទស្សនកិច្ចរបស់នាវាផ្ទុកយន្តហោះចម្បាំងរបស់អាមេរិកនាពេលនេះ កើតឡើងចំពេលដែលប្រទេសសម្ព័ន្ធមិត្តទាំងពីរ (អាមេរិក-ហ្វីលីពីន) បាននឹងកំពុងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី ក្នុងគោលបំណងប្រឆាំងនឹងការទាមទារដ៏ធំរបស់ចិននៅសមុទ្រចិនខាងត្បូង។
ទីក្រុងប៉េកាំងបានទាមទារស្ទើរតែទាំងស្រុងលើតំបន់សមុទ្រចិនខាងត្បូង ជាដែនទឹកដែលរ៉ាប់រងជាង ៦០ភាគរយនៃការធ្វើនាវាចរពាណិជ្ជកម្មតាមច្រកសមុទ្រពិភពលោក បើទោះបីជាការអះអាងនេះបានទទួលការរិះគន់ពីអន្តរជាតិក៏ដោយ។
អ្នកនាំពាក្យកងនាវាអាមេរិក លោកអនុសេនីយ៍ទោ Mark Langford បានប្រាប់សារព័ត៌មាន AFP តាមសារអ៊ីមែលថា កងទ័ពជើងទឹកអាមេរិក រួមជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើង ប្តេជ្ញាការពារតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ។
លោក Langford បានគូសបញ្ជាក់ថា ប្រតិបត្តិការរបស់អាមេរិកនាពេលនេះ បានបង្ហាញពីការប្តេជ្ញាចិត្តការពារស្ថិរភាពក្នុងតំបន់ និងផ្អែកតាមស្ថានភាពបច្ចុប្បន្ន ហើយអាមេរិកចាត់ទុកហ្វីលីពីនថា ជា “សម្ព័ន្ធមិត្តដ៏យូរអង្វែង និងរឹងមាំ”។
ហ្វីលីពីន-អាមេរិកបានពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅ ចាប់តាំងពីលោកប្រធានាធិបតី Ferdinand Marcos ចូលកាន់តំណែងក្នុងឆ្នាំ២០២២ ហើយបានចាប់ផ្តើមប្រឆាំងនឹងការទាមទាររបស់ចិនលើសមុទ្រចិនខាងត្បូង។
ចងភ្ជាប់ដោយសន្ធិសញ្ញាការពារទៅវិញទៅមកឆ្នាំ១៩៥១ សម្ព័ន្ធមិត្តទាំងពីរតែងតែធ្វើសមយុទ្ធដែនសមុទ្រជាញឹកញាប់នៅសមុទ្រចិនខាងត្បូង។ តួយ៉ាង ឆ្មាំឆ្នេរសមុទ្រហ្វីលីពីន និងអាមេរិកកាលពីខែឧសភា បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នាជាលើកដំបូងមិនធ្លាប់មាន នៅក្នុងដែនទឹករបស់ប្រទេសហ្វីលីពី។
ហើយការមកដល់របស់នាវាអាមេរិកនេះទៀតសោត កើតឡើងគប់ជួនចំថ្ងៃដែលនាវាផ្ទុកយន្តហោះចម្បាំងផលិតក្នុងស្រុកដំបូងរបស់ប្រទេសចិន គឺ Shandong បានចូលចតនៅក្នុងទីក្រុងហុងកុង បន្ទាប់ពីបានបញ្ចប់ការធ្វើសមយុទ្ធនៅតំបន់ប៉ាស៊ីហ្វិកខាងលិច ជាមួយនឹងនាវាផ្ទុកយន្តហោះចម្បាំង Liaoning។
យោងតាមរបាយការណ៍មួយរបស់ក្រសួងការពារជាតិអាមេរិក បានឱ្យដឹងកាលពីខែធ្នូឆ្នាំមុនថា ចិនត្រូវបានគេចាត់ថ្នាក់ជាប្រទេសមួយមានកងទ័ពជើងទឹកធំបំផុតនៅលើពិភពលោក ជាមួយនឹងកងនាវាចម្បាំង និងនាវាមុជទឹកដល់ទៅជាង ៣៧០គ្រឿង៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
