ចិនចង់ដឹកនាំអាស៊ានចុះហត្ថលេខាលើសន្ធិសញ្ញាតំបន់គ្មានអាវុធនុយក្លេអ៊ែរ
ប៉េកាំង ៖ ប្រទេសចិនបានបង្ហាញពីគោលជំហរគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះការបង្កើតតំបន់គ្មានអាវុធនុយក្លេអ៊ែរនៅអាស៊ីអាគ្នេយ៍ ហៅកាត់អាស៊ាន និងបានបង្ហាញពីឆន្ទៈដឹកនាំការចុះហត្ថលេខាលើសន្ធិសញ្ញានេះ។

កាសែតរ៉យទ័របានចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដាថា អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានប្រាប់សន្និសីទកាសែតថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេច នៅក្នុងការធ្វើទំនាក់ទំនងជាមួយប្រទេសអាស៊ានលើបញ្ហានេះ។
ផ្អែកតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Daily Star ចិន និងរុស្ស៊ី បានយល់ព្រមក្លាយជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាតំបន់គ្មានអាវុធនុយក្លេអ៊ែរអាស៊ីអាគ្នេយ៍ ហៅកាត់ថា (SEANWFZ) ចំណែកសហរដ្ឋអាមេរិកកំពុងពិនិត្យមើលសន្ធិសញ្ញានេះ មុនពេលចុះហត្ថលេខា នេះបើតាមការបញ្ជាក់របស់លោក Mohamad Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ខណៈដែលម៉ាឡេស៊ីឆ្នាំនេះជាប្រធានអាស៊ាន។
លោក Mohamad បានសង្កត់ធ្ងន់ថា ការចូលរួមរបស់ប្រទេសមហាអំណាចនៅក្នុងសន្ធិសញ្ញានេះ នឹងជួយរក្សាអាស៊ីអាគ្នេយ៍ជាតំបន់សន្តិភាពគ្មានអាវុធនុយក្លេអ៊ែរ។ SEANWFZ ដែលគេស្គាល់ថា ជាសន្ធិសញ្ញារាជធានីបាងកក ត្រូវបានចុះហត្ថលេខាក្នុងខែធ្នូ ឆ្នាំ១៩៩៥ ដោយប្រទេសសមាជិកអាស៊ានទាំង១០ នៅឯទីក្រុងបាងកក ប្រទេសថៃ។
សន្ធិសញ្ញានេះចូលជាធរមាននៅខែមីនា ឆ្នាំ១៩៩៧។ ពិធីសារនៃសន្ធិសញ្ញានេះ ប្តេជ្ញាឱ្យរដ្ឋអាវុធនុយក្លេអ៊ែរ (NWS) គោរព SEANWFZ និងមិនរួមចំណែកដល់សកម្មភាពណាមួយដែលបំពានលើសន្ធិសញ្ញា និងពិធីការរបស់វាឡើយ។ សន្ធិសញ្ញានេះ ហាមមិនឱ្យប្រើប្រាស់ ឬគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងរដ្ឋនៅក្នុងតំបន់៕
ប្រភព ៖ Reuters និង The Daily Star ប្រែសម្រួល ៖ ឈឹម ទីណា
