ក្រសួងវប្បធម៌ ៖ ការអះអាងរបស់ថៃដែលថាក្រុមប្រាសាទតាមាន់ស្ថិតនៅក្នុងទឹកដីថៃដែលគូសផែនទីជាឯកតោភាគី គឺពុំមានតម្លៃគតិយុត្តអ្វីទាំងអស់

(ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៤ ខែ កក្កដា ឆ្នាំ ២០២៥បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបានបញ្ជាក់ថាការអះអាងរបស់ភាគីថៃដែលថាក្រុមប្រាសាទតាមាន់ស្ថិតនៅក្នុងទឹកដីថៃដោយ គូសផែនទីជាឯកតោភាគី គឺពុំមានតម្លៃគតិយុត្តអ្វីដោះឡើយ។

ជាមួយការលើកឡើងបែបនេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានធ្វើការបដិសេធទាំងស្រុងចំពោះការលើកឡើងរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ជារដ្ឋមន្ត្រីក្រសួងវប្បធម៌របស់ថៃ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ដែល បានអះអាងថាក្រុមប្រាសាទតាមាន់ ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃ ដោយបានប្រកាសចុះបញ្ជីជាវិមានបុរាណ នាពុទ្ធសករាជ២៥០៥(១៩៦២)។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបញ្ជាក់ថា ការអះអាងរបស់ភាគីថៃដែលថា ក្រុមប្រាសាទតាមាន់ ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃតាមរយៈការប្រើប្រាស់ផែនទី ដែលគូសជាឯកតោភាគី គឺពុំមានតម្លៃគតិយុត្តអ្វីទាំងអស់ ជាពិសេសផ្ទុយទៅនឹងខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០០ ដែលភាគីទាំងពីរបានឯកភាពគ្នាគោរពនិងប្រើប្រាស់ផែនទីមាត្រដ្ឋាន ១/២០០.០០០ ស្របតាមស្មារតីនៃអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ដែលកំពុងស្ថិតនៅជាធរមាន។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបញ្ជាក់ជូនឱ្យបានច្បាស់ថា ផ្អែកលើមូលដ្ឋាន នៃអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ព្រមទាំងផែនទីមាត្រដ្ឋាន ១/២០០.០០០ ក្រុមប្រាសាទតាមាន់ គឺស្ថិតនៅក្នុងបូរណភាពទឹកដី និងអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង។ ម្យ៉ាងទៀត ក្រុមប្រាសាទតាមាន់ ជាទីតាំងបុរាណដ្ឋានស្ថិតក្នុងខេត្តឧត្តរមានជ័យ ហើយត្រូវបានចុះក្នុងបញ្ជីសារពើភ័ណ្ឌជាតិនៃព្រះរាជាណាចក្រកម្ពុជា រួចហើយដែរ។

ជាមួយគ្នានេះក្រសួងវប្បធម៌កម្ពុជា សូមអំពាវនាវឱ្យក្រសួងវប្បធម៌របស់ថៃ គោរពនូវគោលការណ៍អន្តរជាតិដែលមានជាធរមាន ដើម្បីរក្សាបានភាពថ្លៃថ្នូរ និងវិជ្ជាជីវៈ ដែលស្ថាប័ន វប្បធម៌នៃប្រទេសនីមួយៗត្រូវប្រកាន់ខ្ជាប់៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner