ជលផលខេត្តស្ទឹងត្រែង ចុះអប់រំណែនាំប្រជានេសាទ ក្នុងរដូវហាមឃាត់ ដើម្បីបង្ការកុំឲ្យប៉ះពាល់ដល់ត្រីមេពូជកំពុងពងកូន

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តស្ទឹងត្រែង៖ ជំនាញ នៃខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង សហការជាមួយ និងអាជ្ញាធរពាក់ព័ន្ធ រួមមានកម្លាំងនគរបាលមូលដ្ឋាន ឆ្មាំទន្លេអភិរក្សសត្វផ្សោត និងគណៈកម្មការសហគមន៍នេសាទ បានចុះទប់ស្កាត់ និងបង្ក្រាប ក៏ដូចជាបានធ្វើការអប់រំណែនាំ ដល់ប្រជានេសាទ ដែលមិនព្រមអនុវត្ត និងគោរពតាមសេចក្តីប្រកាសរបស់អជ្ញាធរខេត្ត ស្តីពីរដូវបិទនេសាទ ។  យុទ្ធនាការនេះ អាជ្ញាធរបានធ្វើឡើងជារៀងរាល់ថ្ងៃ បន្ទាប់ពីចេញសេចក្តីប្រកាសបិទនេសាទនារដូវត្រីពងកូននេះ ។ 

លោក ទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង មានប្រសាសន៍ថា៖ យុទ្ធនាការ ការពារត្រីមេពូជគ្រប់ប្រភេទ ក្នុងរដូវបិទនេសាទនេះ ត្រូវបានធ្វើឡើងក្នុងរយៈពេល១សប្តាហ៍ហើយ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងែទី១៦ ខែឧសភា នៅតាមទន្លេមេគង្គលើ ដែលជាតំបន់ត្រីមេពូជធ្វើការបម្លាស់ទី ទៅរកកន្លែងពងកូន ចាប់ពីចំណុចក្បាលកោះស្រឡាយ  ដល់ចំណុចមុខវត្តហាងខូសួន ហើយប្រតិបត្តិការនេះនឹងបន្តធ្វើរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ។

លោក ក៏បានអំពាវនាវដល់ ប្រជាអ្នកនេសាទ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវមានឆន្ទៈស្រឡាញ់ធនធានជីវចំរុះ ដែលមាននៅតាមដងទន្លេមេគង្គ ជាពិសេសនៅរដូវបិទនេសាទនេះ ជៀសវាងកុំប្រើប្រាស់ឧបករណ៍ណាដែលច្បាប់ហាមឃាត់  ដើម្បីថែរក្សាត្រីមេពូជគ្រប់ប្រភេទ ក្នុងអំឡុងនារដូវត្រីពងកូន ដើម្បីរក្សាឲ្យបានគង់វង្ស ព្រោះធនធានមច្ឆាជាតិទាំងអស់នេះ ជារបស់យើងទាំងអស់គ្នា មិនមែនជារបស់បុគ្គលណាម្នាក់ឡើយ។

លោកបន្ថែមថា ទោះបីមន្ត្រីជលផលខិតខំយ៉ាងណាក៏ដោយ ក៏បងប្អូនប្រជានេសាទនៅតែបន្តការនេសាទខុសច្បាប់ដោយមិនញញើត និងច្បាប់នោះឡើយ មិនតែប៉ុណ្ណោះ ថែមទាំងគំរាមតដៃជាមួយសមត្ថកិច្ចជំនាញទៀតផង បើសិន ជាសមត្ថកិច្ច នៅតែចាប់មងរបស់ពួកគេទៀត ។
សូមបញ្ជាក់ថា៖ប្រជានេសាទទាំងនោះ នៅតែទាមទារឲ្យលើកថ្ងៃបិទនេសាទ ។

ប្រជានេសាទមួយរូប បានលើកឡើងថា ប្រជានេសាទភាគច្រើនមានជីវភាពក្រីក្រ បើអាជ្ញាធរចាត់វិធានការបិទនេសាទឆាប់ពេក ធ្វើឲ្យប៉ះពាល់ដល់ជីវភាពគ្រួសារ ព្រោះពួកគាត់រស់ពឹងផ្អែកលើការនេសាទចិញ្ចឹមជីវិត ដូច្នេះពួកគាត់ស្នើសុំឲ្យអាជ្ញាធរ សុំមានការពន្យាពេលបិទនេសាទ រហូតដល់ថ្ងៃទី០១ ខែមិថុនា ២០១៩។ សូមរំលឹកថា៖  ខេត្តស្ទឹងត្រែង មានអន្លង់អភិរក្សពូជត្រីសំខាន់ៗចំនួន៣០-អន្លង់ អភិរក្សសត្វផ្សោតចំនួន៤ និងមានសហគមន៍នេសាទចំនួន៥០ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner