ខេត្តកំពង់ឆ្នាំង បានធ្វើពិធីរំលឹកទិវាជាតិ នៃការចងចំា២០ឧសភា និងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង និង ស្រុក អាណត្តិទី៣
ខេត្តកំពង់ឆ្នាំង បានធ្វើពិធីរំលឹកទិវាជាតិ នៃការចងចំា២០ឧសភា និងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង និង ស្រុក អាណត្តិទី៣ ដែលមាន ព្រះសង្ឃ និងប្រជាពលរដ្ឋចូលរួម ប្រមាណ ១ពាន់៩៧៥អង្គនាក់ចូលរួម។
ពិធីបានធ្វើឡើង កាលពីព្រឹកថ្ងៃទី១៧ឧសភានេះ នៅក្នុងសាលនយោបាយបក្សខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព សម្តេចចៅហ្វាវាំង គង់ សំអុល សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំង។ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណបក្សខេត្ត លោក ឈួច័ន្ទឌឿន បានរំលឹកនូវសោកនាដកម្មដ៏ឃោឃៅព្រៃផ្សៃ មកលើប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ ដែលបានប្រព្រឹត្តទៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម រយៈពេល៣ឆ្នាំ៨ខែនិង២០ថ្ងៃ ក្នុងចន្លោះថ្ងៃទី១៧មេសាឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧មករាឆ្នាំ១៩៧៩ និង ដែលបានធ្វើឲ្យប្រជាជនកម្ពុជា ប្រមាណ ៣លាននាក់ បានស្លាប់។
លោក ឈួ ច័ន្ទឌឿន បានរំលឹកទៀតថា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យប៉ុលពត ក្នុងប្រទេសកម្ពុជាគ្មានអ្វីៗទាំងអស់ គ្មានសិទ្ធសេរីភាព គ្មានសិទ្ធិ គ្មានសាលារៀន វត្តអារាម ផ្សារ មន្ទីពេទ្យ ធ្វើឲ្យប្រជាជនរស់នៅជិតមាត់រណ្តៅមរណៈ គ្រប់ពេលវេលា គ្រប់ទីកន្លែង គ្មានបាយហូបចុកគ្រប់គ្រាន់ គ្មានថ្នាំពេទ្យ។ លោកបានបញ្ជាក់ថា ដោយសារគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចទាំង៣ ដឹកនាំ និងមានការជួយ សហការពីកងទ័ព វៀតណាមដែលបានវាយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យប៉ុលពត នាថ្ងៃ៧មករា១៩៧៩ ដែលជាប្រវត្តិសាស្ត្រធ្វើឲ្យមាតុភូមិកម្ពុជា មានអ្វីៗដូចក្នុងថ្ងៃនេះ។
លោកបន្តថា ក្រោយការចាប់កំណើតជាថ្មី រហូតមកដល់ពេលនេះ ទើបកម្ពុជា ចាប់ដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត និងក្រុង ស្រុក របស់គណបក្សប្រជាជនម្ពុជា។
នៅបញ្ចប់ពិធី មានការរាប់បាតឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ ព្រះសង្ឃ ប្រជាពលរដ្ឋ យុទ្ធជននិងយុទ្ធនារី ដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិ ឲ្យបានទៅកាន់សុគតិភព ផងដែរ។ ក្នុងពិធីនេះ ក៏មានការដង្ហែជាក្បួនប្រទក្សិន ជាច្រើនជុំ ព័ទ្ធជុំវិញវិមានឯករាជ្យផងទៀត ៕ ធ.ដ