កម្ពុជាប្តេជ្ញាចិត្តខ្ពស់កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ៥៤% ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុជាមួយសហគមន៍អន្តរជាតិ
(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានសម្របសម្រួលបញ្ចប់ ការរៀបចំផែនការជាតិរួមចំណែក ឆ្លើយតបការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (២០២៥-២០៣០) 3rd Nationally Determined Contribution 3.0 (NDC3.0) ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏មុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយសហគមន៍អន្តរជាតិ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានលើកឡើងនៅក្នុងកម្មវិធីបិទសិក្ខាសាលា ផ្តល់សុពលភាព «ផែនការជាតិរួមចំណែក ការឆ្លើយតប ការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ NDC 3.0» នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ដោយបានបង្ហាញការសាទរ ចំពោះជោគជ័យក្មុងរយៈពេល ៧ ខែ ដែលក្រុមការងារសម្រេចបាននូវសេចក្តីព្រាង ផែនការជាតិ NDC 3.0 នេះឡើង។ចំពោះ សមិទ្ធផលនេះដែរ គឺជាមោទកភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងលើកឡើងពីគោលដៅសំខាន់ នៃការរៀបចំ ផែនការរួមចំណែកជាតិ NDC 3.0 គឺជំរុញការអភិវឌ្ឍរបស់កម្ពុជា ប្រកបដោយនិរន្តរភាព ធន់នឹងអាកាសធាតុ និងបញ្ចេញកាបូនទាប តាមរយៈការអនុវត្តវិធានការបន្ស៊ាំ និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមវិស័យសំខាន់ៗ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ដើម្បីកសាងផែនការរួមចំណែកជាតិ NDC 3.0 ក្រសួងបរិស្ថាន បានទទួលការគាំទ្រនិងចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សហគមន៍មូលដ្ឋាន និងដៃគូអភិវឌ្ឍន៍រួមមានសហភាពអឺរ៉ុប (EU) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) អង្គការយូនីសេហ្វ (UNICEF) និងអង្គការអុកស្វាម (OXFAM) ជាដើម។
គួរបញ្ជាក់ថា ក្រសួងបរិស្ថានបានសម្របសម្រួលរៀបចំផែនការជាតិ រួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (NDC3.0) ដែលមានវិធានការឆ្លើយតបចំនួន ១៦៨ សកម្មភាព រួមមាន ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ចំនួន ៥៣ ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុចំនួន ៩៩ និងអន្តរវិស័យចំនួន ១៦ (បរិយាប័ន្នសង្គម យេនឌ័រ សិទ្ធិមនុស្ស ជនជាតិដើមភាគតិច ក្រុមងាយរងគ្រោះ រួមមាន មានកុមារ យុវជន មនុស្សចាស់ និងការគិតគូរអំពីប្រភពធនធានហិរញ្ញវត្ថុ)។
រាជរដ្ឋាភិបាលគ្រោងបញ្ជូនផែនការរួមចំណែកជាតិ NDC 3.0 ទៅអង្គការសហប្រជាជាតិ នៅពេលឆាប់ៗខាងមុខ គឺមុនកិច្ចប្រជុំលើកទី៣០ នៃរដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP30) ដែលនឹងប្រព្រឹត្តទៅ នាខែវិច្ចិកា ឆ្នាំ២០២៥ នៅប្រទេសប្រេស៊ីល៕
ដោយ ៖ ម៉ាដេប៉ូ





