ក្រសួងកសិកម្ម អនុញ្ញាតឱ្យនាំចេញផ្លែទុរេនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាស​មួយ​ដោយ​បញ្ជាក់ថា កម្ពុជា បានទទួលការអនុញ្ញាតជាផ្លូវការពីអគ្គរដ្ឋបាលគយចិន (GACC) ដើម្បីចាប់ផ្តើមធ្វើការនាំចេញផ្លែទុរេនស្រស់ ដោយផ្ទាល់ទៅកាន់​ទីផ្សារ​ប្រទេសចិន ស្របតាមពិធីសារដែលបានចុះហត្ថលេខាកាលពីខែមេសា ។

ក្រសួងកសិកម្មបានបញ្ជាក់ក្នុងសេចក្តីប្រកាសរបស់ខ្លួនថាយោងតាមសេចក្តីសម្រេចនេះធ្វើឡើងបន្ទាប់ពី GACC បានវាយតម្លៃនិងយល់ព្រមលើសំណើចុះបញ្ជី​ចម្ការ​ទុរេន ចំនួន ១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៣០កន្លែង ដែលបាន​បំពេញ​តាមគោលការណ៍កសិកម្មល្អ (GAP) លក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដា​សុវត្ថិភាព​ចំណីអាហាររបស់ប្រទេសចិន។

ក្រសួងបានបន្តឱ្យដឹងថា”ដើម្បីធានានូវគុណភាពនិងនិរន្តរភាពនៃការនាំចេញ ក្រសួង​សូមអំពាវនាវដល់ម្ចាស់ចម្ការ និងរោងចក្រ វេចខ្ចប់ទាំងអស់ ត្រូវបន្តអនុវត្តឱ្យ​ខ្ជាប់ខ្ជួនតាមលក្ខខណ្ឌនៃពិធីសារដែលកំណត់ដោយគ្មានសមាសភាពចង្រៃ គ្មាន​សំណល់ថ្នាំកសិកម្ម ឬសារធាតុគីមីហាមឃាត់”។

ក្នុងសេចក្តីប្រកាសដែលចេញផ្សាយនៅថ្ងៃទី០៥ ខែ កក្កដាឆ្នាំ ២០២៥ នេះបានឱ្យ​ដឹងថា​ក្រសួងជំរុញឱ្យម្ចាស់ចម្ការនិងរោងចក្រវេចខ្ចប់ផ្សេងទៀត ដែលមានបំណង​នាំចេញ រួសរាន់មកដាក់ពាក្យ ស្នើសុំចុះបញ្ជីជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បី​ទទួលបានការវាយតម្លៃ។

សូមបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ ផ្លែទុរេនស្រស់គឺជាកសិផលទី៩របស់កម្ពុជា ដែល​ត្រូវបានអនុញ្ញាតឱ្យនាំចេ ដោយផ្ទាល់ទៅកាន់ប្រទេសចិន បន្ទាប់ពីអង្ករ កន្ទក់​អង្ករ ចំណិតដំឡូងមីក្រៀម គ្រាប់ពោត ផ្លែចេក ផ្លែស្វាយ ផ្លែមៀន និងម្រេច។ នេះគឺ​ជាសមិទ្ធផលផ្លែផ្កាដែលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងចិន៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner