រដ្ឋបាលខេត្តព្រះសីហនុ ចាត់វិធានការក្ដៅចំពោះម្ចាស់ការដ្ឋានសំណង់ ដែលរំលោភបំពានច្បាប់

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ក្រុមការងារចម្រុះដឹកនាំដោយរដ្ឋបាលខេត្តព្រះសីហនុ បានចុះណែនាំម្ចាស់ការដ្ឋានសំណង់របស់ចិន ដែលសង់រំលោភលើចំណីផ្លូវនៅកណ្ដាលទីក្រុងព្រះសីហនុ។ ការដ្ឋានសំណង់នេះ មន្ត្រីសាលាក្រុងព្រះសីហនុ និយាយថាបានចុះណែនាំចំនួន៤ដងមកហើយ តែគ្មានប្រសិទ្ធភាព ដោយក្រុមជាងនៅតែបន្តការងារដោយរលូន។ ក្រោយមានការរិះគន់ច្រើន នៅថ្ងៃ១៧ឧសភា២០១៩ នេះរដ្ឋបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីចុះហាមឃាត់ និងបញ្ជាឲ្យរុះរើចេញវិញម្តង។

បើតាមលោក លី ចិត្តនិយម ប្រធានការិយាល័យអភិវឌ្ឍន៍ខេត្តព្រះសីហនុ និយាយថា ទីតាំងសំណង់របស់ក្រុមហ៊ុនចិននេះ បានសង់រំលោភចូលលើដីចំណីផ្លូវប្រវែង 3,7 m។ ក្រៅពីការរំលោភលើចំណីផ្លូវសំណង់នេះ ក៏បានសង់ឡើងលើធ្វើឲ្យប៉ះបង្គោល និងខ្សែអគ្គិសនីផងដែរ។ ចំពោះមុខ លោក លី ចិត្តនិយម ស្នើឲ្យម្ចាស់ការដ្ឋានសំណង់រុះរើចេញដោយខ្លួនឯង។ ប្រសិនជាម្ចាស់សំណង់មិនអនុវត្តតាម រដ្ឋបាលខេត្តព្រះសីហនុនឹងចុះរុះរើ និងចាត់វិធានការទៅតាមផ្លូវច្បាប់។ លោកបានបញ្ជាក់ថា អាជ្ញាធរសម្តែងការស្វាគមន៍ចំពោះអ្នកវិនិយោគទាំងអស់ ដែលបានមកដាក់ទុនរកស៊ីនៅក្នុងខេត្តព្រះសីហនុ ក៏ប៉ុន្តែលោកទទូចស្នើសុំឲ្យវិនិយោគិនទាំងអស់ ត្រូវគោរពទៅតាមច្បាប់របស់កម្ពុជា។

គួរបញ្ជាក់ផងដែរថា កន្លងមកក្រុមការងារចម្រុះបានចុះហាមឃាត់ និងបញ្ជាឲ្យធ្វើការរុះរើចេញនូវសំណង់រំលោភច្បាប់ជាច្រើនកន្លែង ដែលម្ចាស់សំណង់មួយចំនួនចេះតែលួចសង់រំលោភច្បាប់។ ស្ថានភាពសំណង់នៅក្រុងព្រះសីហនុ នាពេលបច្ចុប្បន្ននេះ ក្នុងរដ្ឋបាលរបស់ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ រយៈកាល៣ឆ្នាំចុងក្រោយនេះ ការវិនិយោគលើវិស័យសំណង់ បាននិងកំពុងមានសន្ទុះខ្លាំងគួរកត់សម្គាល់។ សំណង់តូចធំជាច្រើន កំពុងតែបណ្ដែតខ្លួនយ៉ាងព្រោងព្រាត។ សភាពបែបនេះ បានធ្វើឲ្យខេត្តព្រះសីហនុប្រែប្រួលមុខមាត់យ៉ាងលឿន។

រីឯជីវភាពអ្នកខេត្តព្រះសីហនុ ក៏មានភាពប្រសើរឡើងជាលំដាប់ ហើយភាពក្រីក្ររបស់ពលរដ្ឋត្រូវបានកាត់បន្ថយផងដែរ។ បើទោះបែបនេះក្តី គេកត់សម្គាល់ឃើញថាសំណង់ខ្លះគ្មានច្បាប់ ខ្លះកំពុងរត់ច្បាប់ ខ្លះទៀតមានច្បាប់តែរំលោភច្បាប់។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញ សជណ ណែនាំជាបន្តបន្ទាប់ដើម្បីជំរុញម្ចាស់ការដ្ឋានសំណង់ទាំងអស់ ត្រូវគោរពតាមបទដ្ឋានបច្ចេកទេសសំណង់ និងគោលការណ៍ច្បាប់។ តែយ៉ាងណាម្ចាស់ការដ្ឋានសំណង់ខ្លះមិនទាន់បានចូលរួមអនុវត្តឲ្យបានត្រឹមត្រូវនៅឡើយ។

ជុំវិញការងារនេះដែរ លោក លី ចិត្តនិយម បង្ហាញជំហរយ៉ាងមុតមាំថា ក្នុងនាមជាប្រធានក្រុមកាងារ លោកប្តេជ្ញាបន្តបេសកកម្មនេះដោយអនុវត្តទៅតាមច្បាប់ និងសេចក្តីជូនដំណឹងទាក់ទិនវិស័យសំណង់ របស់អភិបាលខេត្តព្រះសីហនុ ដើម្បីធានាបរិស្ថានល្អ និងសុខដុមនីយកម្មជាមួយអ្នកជិតខាង និងសាធារណៈ។ លោកក៏បានសំណូមពរឲ្យម្ចាស់ការដ្ឋានសំណង់ទាំងអស់ ត្រូវតែគោរពទៅតាមច្បាប់៕ធ.ដ

ដោយៈ សាវ៉ុន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner