មនុស្សរាប់ពាន់នាក់ ចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ មន្ត្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសមាជិក សមាជិកា រាប់ពាន់នាក់ បានចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នៅខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍កែ គឹមយ៉ាន សមាជិកគណ:អចិន្រ្ដៃយ៍គណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ។
ឯកឧត្ដម កែ គឹមយ៉ាន បានថ្លែងបើកយុទ្ធនាការនោះ ដោយបានមានមតិនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្ស សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចក្រឡាហោម ស ខេង និងសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស មកជូនមន្ត្រី សមាជិកសមាជិកាគណបក្សបក្សប្រជាជន រួមទាំងអង្គបោះឆ្នោតទាំងអស់។ សូមឲ្យអង្គបោះឆ្នោតទាំងអស់បោះឆ្នោតជូនបេក្ខភាពក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៣ របស់គណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា។
ក្នុងនោះដែរ ឯកឧត្ដម បានកោតសរសើរ និងស្នើឲ្យក្រុមការងារចុះជួយ និងគណបក្សមូលដ្ឋានទាំងអស់ ពោលគឺគណបក្សប្រជាជនកម្ពុជាគ្រប់ផ្នែក អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ដែលរក្សាបាននូវស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ចូលរួមថែរក្សាបាននូវសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម ទប់ស្កាត់បាននូវការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ពីសំណាក់ពួកអគតិ អមិត្ត។ ពោលគឺបន្តដំណើររួមគ្នាឆ្ពោះទៅដណ្តើមជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ខាងមុខ។
ចំណែកលោក ហី គឹមសេង ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ ថ្លែងថា៖ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា រាជធានី ខេត្ត និងស្រុក ក្រុង ខណ្ឌ នៅខេត្តបន្ទាយមានជ័យមានមណ្ឌលបោះឆ្នោត៩មណ្ឌល។ គឺក្នុងស្រុក ក្រុងទាំង៩ នៃខេត្តបន្ទាយមានជ័យ។
ក្នុងនោះមានអង្គបោះឆ្នោត៥១៥នាក់ មកពីសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទាំង៦៥ នៃខេត្តបន្ទាយមានជ័យ។
ចំណែកគណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែង យកអាសនៈសមាជិកក្រុមប្រឹក្សាខេត្ត និងស្រុក ក្រុង ក្នុងខេត្តបន្ទាយមាន័យមាន៥គណបក្សរួមមាន៖ ១)គណបក្សប្រជាជនកម្ពុជា ២)គណបក្សហ៊្វុនស៊ិនប៉ិច ៣)គណបក្សខ្មែររួបរួមជាតិ ៤)គណបក្សឆន្ទៈខ្មែរ និង៥)គណបក្សសញ្ជាតិកម្ពុជា។ ការឃោសនារកសំឡេងឆ្នោតមានរយៈពេល៨ថ្ងៃ ចាប់ផ្តើមនៅថ្ងៃទី១៧រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។ ឯថ្ងៃបោះឆ្នោតប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩៕ធ.ដ
ដោយ៖ ឃិន គន្ធា