ប្រធានក្រុមការងារថ្នាក់ជាតិគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្ដព្រះសីហនុ ជួបជុំពិភាក្សាគោលនយោបាយរបស់ខ្លួន នៅថ្ងៃដំបូងនៃកម្មវិធីបើកយុទ្ធនាការឃោសនា បោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក

អត្ថបទដោយ៖
Kien Sereyvuth

នៅព្រឹកថ្ងៃសុក្រទី១៧ ខែឧសភា ឆ្នាំ២០១៩ គឺជាថ្ងៃជួបជុំដំបូងនៃកម្មវិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ដើម្បីសំណេះសំណាលពិភាក្សាពង្រឹងគោលនយោបាយរបស់ខ្លួន សម្រាប់ប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាខេត្ដ ក្រុង ស្រុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ។

ឯកឧត្ដម សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្ដព្រះសីហនុ មានប្រសាសន៍ថា កិច្ចការសំខាន់សមាជិក សមាជិកាទាំងអស់ ត្រូវដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន ហើយត្រូវបន្ដពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការស្វែងយល់ពីបញ្ហាប្រឈមនានា ក្នុងមូលដ្ឋានរបស់ខ្លួន និងរកដំណោះស្រាយជូនប្រជាពលរដ្ឋឲ្យបានល្អ និងទាន់ពេលវេលា។ ជាមួយគ្នានេះ លោក សេង ងីម តំណាងសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ដ ក្រុង ស្រុក គណបក្សប្រជាជនកម្ពុជា បានធ្វើការប្ដេជ្ញាចិត្ដយ៉ាងមុតមាំ គោរពតាមការណែនាំរបស់ថ្នាក់ដឹកនាំ គាំទ្រគោលនយោបាយរបស់បក្សដាច់ខាត និងបន្ដពង្រឹងសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។

លោក ហួត ផុន ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ដព្រះសីហនុ និយាយថា សម្រាប់ថ្ងៃនេះ គឺជាថ្ងៃជួបជុំដំបូង នៃកម្មវិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ដើម្បីសំណេះសំណាលពិភាក្សា ពង្រឹងគោលនយោបាយរបស់ខ្លួន សម្រាប់ប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាខេត្ដ ក្រុង ស្រុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ។ សម្រាប់ថ្ងៃនេះ មិនមានការហែក្បួនឃោសនាទេ គឺមានតែការជួបជុំគ្នាតាមតំបន់ នៃស្នាក់ការបក្សនីមួយៗរបស់ខ្លួនប៉ុណ្ណោះ។

សូមបញ្ជាក់ថា សម្រាប់ខេត្ដព្រះសីហនុ មានគណបក្សដែលបានចុះឈ្មោះប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាខេត្ដ ក្រុង ស្រុក មានចំនួន៥គណបក្ស ហើយមានអ្នកបោះឆ្នោតសរុបចំនួន១៧៧នាក់ ក្នុងនោះគណបក្សប្រជាជនកម្ពុជា មានអ្នកបោះឆ្នោតចំនួន១៧១នាក់ ទូទាំងខេត្ដ ដែលមានចំនួន២៩ឃុំ-សង្កាត់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner