មេធំ UN ថ្កោលទោសរុស្ស៊ី វាយប្រហារមីស៊ីល និងដ្រូនទ្រង់ទ្រាយធំបំផុតលើអ៊ុយក្រែន

អ.ស.ប ៖ ទ្រាំលែងបាន អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចេញមុខថ្កោលទោសរុស្ស៊ីភ្លាមៗ ក្រោយរុស្ស៊ីវាយប្រហារដោយយន្តហោះដ្រូន និងមីស៊ីលទ្រង់ទ្រាយធំបំផុត ក្នុងសង្គ្រាមរយៈពេលជាងបីឆ្នាំនៅអ៊ុយក្រែន។

លោក Guterres បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលសំដៅលើការវាយប្រហារកាលពីថ្ងៃសុក្រថា អង្គការសហប្រជាជាតិបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារដោយយន្តហោះដ្រូន និងមីស៊ីលទ្រង់ទ្រាយធំបំផុតរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន។

ការវាយប្រហាររបស់រុស្សីចុងក្រោយនេះ បានទម្លាក់គ្រាប់បែកជា ច្រើនម៉ោង បង្ខំឲ្យប្រជាជនអ៊ុយក្រែនរត់ភៀសខ្លួនទៅរកទីជម្រកមានសុវត្ថិភាពនៅទូទាំងប្រទេស។ ជាលទ្ធផល មនុស្សម្នាក់ត្រូវបានសម្លាប់ និង ២៦នាក់ផ្សេងទៀត រួមទាំងកុមារម្នាក់បានរងរបួសនៅក្នុងរដ្ឋធានីកៀវ។

យ៉ាងណា យោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយអ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric លោកអគ្គលេខាធិការ Guterres មានការភ័យខ្លាចជាខ្លាំង ចំពោះការកើនឡើងការវាយប្រហារដ៏គ្រោះថ្នាក់នេះ និងការកើនឡើងចំនួនជនស៊ីវិលបាត់បង់ជីវិត ឬរងរបួស។

អ្នកនាំពាក្យមេធំយូអិនរូបនេះ បានសង្កត់ធ្ងន់ទៀតថា ការវាយប្រហារប្រឆាំងនឹងជនស៊ីវិល ឬក៏ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គឺត្រូវតែហាមឃាត់ដាច់ខាត យោងតាមច្បាប់អន្តរជាតិ ហើយត្រូវតែបញ្ឈប់ជាបន្ទាន់៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner