ប្រធានសហគមន៍ទួលត្រពាំងស្រស់បំព្រង អំពាវនាវឱ្យបង្កើនគាំទ្រ​ផលិត​ផលកសិកម្មរបស់ខ្មែរ

ព្រៃវែង៖ប្រធានសហគមន៍ទួលត្រពាំង ស្រស់បំព្រង ស្រុកកញ្ជៀច ខេត្តព្រៃវែង បានអំពាវនាវដល់អតិថិជនឱ្យ​ជួយ​គាំទ្រផលិតផលកសិកម្មរបស់ខ្មែរ ខណៈ​សមាជិកសហគមន៍កំពុងបង្កើនការដាំដុះរបស់ខ្លួនដើម្បីផ្គត់​ផ្គង់ទី​ផ្សារ។

លោក អ៊ាត អាត ប្រធានសហគមន៍ទួលត្រពាំង ស្រស់បំព្រង ស្ថិតនៅក្នុងឃុំគោក​គង់លិច ស្រុកកញ្ជ្រៀច បានឱ្យ​ដឹងថា សហគមន៍​មានដាំបន្លែជាច្រើនមុខ​លើផ្ទៃដី​ចំនួនជាង៤ហិកតា។សហគមន៍មាន​សមាជិកចំនួន៨៣គ្រួសារ ក្នុងនេះ​អ្នកប្រកប​របរដាំបន្លែចំនួន ៥៦ គ្រួសារ។ លោកបន្តថា ការដាំបន្លែ​មាន​បន្លែស្លឹក និងបន្លែផ្លែ ។បន្លែស្លឹក​មានដូចជា ស្ពៃក្រញាញ់ ស្ពៃតឿ ស្ពៃចង្កឹះ ស្ពៃជ្រក់ សាឡាត់ ខាត់ណាដើម ។ចំណែកបន្លែផ្លែ មានដូចជា ម្រះ ននោង ត្រឡាច ត្រសក់ទ្រើង ត្រសក់ស្រូវ ល្ហុង ជាដើម។

ទីផ្សាររបស់សហគមន៍ គឺលក់ទៅឱ្យម៉ូយដែលជាឈ្មួញកណ្ដាល បន្តយកទៅលក់​នៅផ្សារសួង ស្រុកអូររាំងឪ ផ្សារកំចាយមារ ផ្សារកញ្ជ្រៀច ផ្សារស្ទឹង។

លោក អ៊ាត អាត បានឱ្យដឹងថា សហគមន៍ទួលត្រពាំង ស្រស់បំព្រងបង្កើត​ឡើងនៅ​ចុង​ឆ្នាំ ២០២០។ មន្រ្តីជំនាញនៃ​មន្ទីរកសិកម្មខេត្តព្រៃវែង បានជួយបណ្ដុះ​បណ្ដាល​លើបច្ចេកទេសដាំដុះបន្លែ, ការជ្រើសរើសពូជបន្លែ ,ការកម្ចាត់​សត្វល្អិតជាដើម។លោកបន្តថា ទោះបីបន្លែរបស់សហគមន៍មានទីផ្សារល្អក៏ដោយ ក៏លោកនៅតែ​អំពាវនាវដល់អតិថិជនបន្តជួយគាំទ្រផលិតផលកសិកម្មរបស់​កសិករខ្មែរ ដើម្បី​សហគមន៍កាន់តែរីកចម្រើនថែមទៀត៕
ដោយ៖ នុត នាង

ads banner