ព្រះសង្ឃ និងសប្បុរសជននាំយកនំអន្សម និងគ្រឿងឧបភោគ បរិភោគទៅជូនកងទ័ព កំពុងឈរជើងនៅបន្ទាត់ព្រំដែន
បន្ទាយមានជ័យ៖ព្រះសង្ឃ រួមជាមួយប្រជាពលរដ្ឋក្នុងស្រុកភ្នំស្រុក និងឯកឧត្តម អ៊ុ រាត្រីអភិបាលខេត្តបន្ទាយមានជ័យនៅចុងសប្ដាហ៍នេះបាននាំនំអន្សម និងគ្រឿង ឧបភោគ បរិភោគមួយចំនួនធំ ទៅជូនដល់កងទ័ពដែលកំពុងបំពេញភារកិច្ចការពារ បូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែននៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។
ពិធីប្រារព្ធនៅយោធភូមិភាគ៥ ទីបញ្ជាការទិសទី១។
ក្នុងឱកាសទទួលអំណោយឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទី១បន្ទាយ មានជ័យ បានថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះព្រះសង្ឃ ប្រជាពលរដ្ឋ ពិសេសឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យដែលបានចំណាយថវិកា រួមគា្នធ្វើនំអន្សមនិងយកគ្រឿងឧបភោគ បរិភោគ មកផ្តល់ជូនដល់កងទ័ពដែលកំពុងបំពេញភារកិច្ច ឈរជើងនៅតាមបន្ទាត់ព្រំដែន។
ចំណែកឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ថ្លែងអំណរគុណចំពោះទឹកចិត្តប្រជាពលរដ្ឋ ព្រះសង្ឃ ដែលបានរួមនាំយកអំណោយមកជូនដល់កងទ័ព និងកោតសរសើរភាពក្លាហានរបស់កងទ័ពកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី។

សូមជម្រាបថា នំអន្សមដែលជូនដល់កងទ័ពមានចំនួនជាង២ពាន់នំ សាច់គោចំនួនពីរក្បាល ទឹកសុទ្ធជាង៤០០យួរ គ្រឿងឧបភោគបរិភោគ ក្នុងនោះក៏មានថវិកាចូលរួមពីព្រះសង្ឃចំនួន ២,៣លានរៀល៕
ដោយ៖ឃិន គន្ធា




