អ្នកនាំពាក្យអស់សំណើច ចំពោះលទ្ធផលនៃការស្ទង់មតិពីពលរដ្ឋថៃ ជុំវិញប្រជាប្រិយភាពសម្តេចតេជោ ហ៊ុន សែន
(ភ្នំពេញ)៖ ឯកឧត្តម ជា ធិរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី៦ កក្កដា ឆ្នាំ២០២៥ បានចេញសារអមជាមួយការអស់សំណើច ចំពោះលទ្ធផលនៃការស្ទង់មតិពីប្រជាពលរដ្ឋថៃ ជុំវិញប្រជាប្រិយភាពសម្តេច ហ៊ុន សែន ។ បន្ថែមពីការអស់សំណើច អ្នកនាំពាក្យរូបនេះ មិនខ្វាយខ្វល់ ចំពោះលទ្ធផលស្ទង់មតិនេះទេ ព្រោះថា ស្រឡាញ់មិនស្រឡាញ់ គឺជារឿងស្រុកទេសរបស់ថៃ សំខាន់ពលរដ្ឋកម្ពុជា ស្រឡាញ់គាំទ្រសម្តេចតេជោ ហ៊ុន សែន ជិត ១០០% ចំពោះវិធានការប្រឆាំងចោរឈ្លានពានទឹកដីប្រវត្តិសាស្ត្រ ។
ឯកឧត្តម ជា ធិរិទ្ធ ថែមទាំងបានស្នើសុំឱ្យក្រុមអ្នកដើរស្ទង់មតិ កុំបារម្ភពីប្រជាប្រិយភាពរបស់សម្តេចតេជោ ហ៊ុន សែន ហើយនាំគ្នាគិតតែដោះស្រាយបញ្ហាផ្ទៃក្នុងស្រុកថៃដែលកំពុងបែកបាក់គ្នាឱ្យបានល្អជាមុនសិនទៅ ហើយកម្ពុជារង់ចាំមេដឹកនាំភាគីថៃដែលមានសិទ្ធិច្បាស់លាស ដើម្បីដោះស្រាយព្រំដែនដោយសន្តិវិធី និង តាមច្បាប់អន្តរជាតិ ។
យោងតាមលទ្ធផល នៃការស្ទាបស្ទង់មតិរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បានរកឃើញថា ប្រជាជនកម្ពុជា ៩៩,៨% បានគាំទ្ររដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះព្រំដែននៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី តាមយន្តការតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ។
ការស្ទង់មតិដដែលបន្តថាប្រជាជន ២៩,៣% ផ្តល់តម្លៃដល់ការចរចាទ្វេភាគី ដរាបណាមានការតភ្ជាប់ជាមួយតុលាការ ICJ និង ១,១% មានជំនឿលើការប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់តែមួយមុខ ខណៈប្រមាណ ០,២% ជ្រើសរើសយកមាគ៌ាសង្គ្រាម។ប្រជាជន ៨៨,៧% ពេញចិត្តចំពោះចំណាត់ការបិទព្រំដែនរបស់កម្ពុជាជាការឆ្លើយតបទៅនឹងការបិទព្រំដែនជាឯកតោភាគីរបស់ថៃ និង ៨៨,៦% គាំទ្រការប្រើប្រាស់ទំនិញក្នុងស្រុក។ ប្រជាជនកម្ពុជា ៧៣,៨% ជឿថាជម្លោះព្រំដែនកម្ពុជា-ថៃ បង្កឡើងដោយយោធាថៃ ហើយ ២៣,១% ជឿថាបង្កដោយពួកជាតិនិយមជ្រុលថៃ និងថារដ្ឋាភិបាលថៃមានអំណាចតិចតួចនៅក្នុងការគ្រប់គ្រងរដ្ឋថៃ។
ជាមួយគ្នានោះ វិទ្យាស្ថាន AVI បានអះអាងទៀតថា ប្រជាជន ៩៥,៨% បានគាំទ្របុព្វហេតុការពារជាតិរបស់កងទ័ពកម្ពុជាដើម្បីត្រៀមទប់ស្កាត់ និង ឆ្លើយតបចំពោះការឈ្លានពានរបស់យោធាថៃ តាមរយៈការដាក់កងកម្លាំងប្រដាប់អាវុធប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង៕
ដោយ ៖ វណ្ណលុក