អគ្គស្នងការនគរបាលជាតិ៖ ក្រុមហ៊ុន GCG Asia Co., LTD ជាក្រុមហ៊ុនឆបោកលក្ខណៈ អន្ដរជាតិ ហើយនៅពេលនេះសមត្ថកិច្ចកំពុងចាត់វិធានការតាមផ្លូវច្បាប់

អត្ថបទដោយ៖
Kien Sereyvuth

អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ថា ក្រុមហ៊ុន  GCG Asia Co., LTD ដែលបានយកឈ្មោះ និងរូបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងឈ្មោះធនាគារជាតិកម្ពុជា ទៅបង្ហោះខុសច្បាប់ គឺជាក្រុមហ៊ុនឆបោកលក្ខណៈអន្ដរជាតិ ហើយប្រទេសជាច្រើននៅតំបន់អាស៊ី បានរងគ្រោះដោយសារក្រុមហ៊ុននេះរួចហើយ។

នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ថា ក្រោយកម្លាំងនគរបាលជំនាញ ជួបប្រជុំជាមួយមន្ដ្រីធនាគារជាតិបានរកឃើញថា ក្រុមហ៊ុនមួយនេះ មិនបានចុះបញ្ជីត្រឹមត្រូវជាមួយធនាគារជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធនោះឡើយ ហើយពីមុនក្រុមហ៊ុននេះ ធ្លាប់រកស៊ីបោកប្រាសនៅប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីជាដើម ហើយត្រូវបានអាជ្ញាធរប្រទេសទាំងនោះដឹង ហើយក៏បានរត់ចេញមកបោះមូលដ្ឋាននៅកម្ពុជា។ អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា ពលរដ្ឋខ្មែរ មិនទាន់ចាញ់បោកក្រុមហ៊ុននេះនៅឡើយទេ មានភាគច្រើនតែជនជាតិចិន ព្រោះក្រុមហ៊ុននេះដាក់លក់តែនៅ ក្រៅប្រទេសប៉ុណ្ណោះ ប៉ុន្តែមានស្នាក់ការនៅកម្ពុជា។

ជាមួយគ្នានេះនៅក្នុងប្រតិបត្តិការចុះឆែកឆេរនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចក៏បានឈានទៅដល់ការបិទក្រុមហ៊ុនជាបណ្ដោះអាសន្ន ហើយឃាត់ខ្លួនប្រធានក្រុមហ៊ុនទាំងពីរនាក់ប្ដីប្រពន្ធ យកទៅសួរនាំដើម្បីចាត់វិធានការតាមផ្លូវច្បាប់។


គួរម្លឹកថា កាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានចេញមកប្រកាសអំពីដំណឹងសន្តិសុខជាតិបន្ទាន់មួយ ពាក់ព័ន្ធក្រុមហ៊ុនមួយឈ្មោះ GCG Asia Co., LTD បានយករូបថត និងឈ្មោះសម្តេច ទៅបង្ហោះនូវលើ Website របស់ខ្លួន ដោយបានអះអាងថា សម្តេចនឹងចូលរួមសម្ពោធក្រុមហ៊ុននេះ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ខាងមុខ។ លើសពីនេះ ក្រុមហ៊ុនបានយកឈ្មោះធនាគារជាតិកម្ពុជា និងធនាគារចិនថា ជាដៃគូទទួលខុសត្រូវក្នុងជំនួញជួញដូរ គ្រីបតូឃឺរិនស៊ី (Crypto Currency) ប៉ុន្តែក្រុមហ៊ុននេះ ត្រូវបានស្ថានទូតឥណ្ឌូណេស៊ី បញ្ជាក់ថា ជាក្រុមហ៊ុនរកស៊ីមិនត្រូវ និងដាក់ក្នុងបញ្ជីខ្មៅទៅហើយ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន សូមបដិសេធព័ត៌មានដែលផ្សាយក្នុងវេបសាយរបស់ក្រុមហ៊ុនខាងលើនេះ គឺមិនពិតទេ និងស្នើអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ពិនិត្យតាមដាន និងស្រាវជ្រាវរកមុខជនខិលខូច យកមកផ្តន្ទាទោសតាមច្បាប់ជាធរមានជាបន្ទាន់។ បើតាមព័ត៌មានពីស្ថានទូតឥណ្ឌូណេស៊ីនៅកម្ពុជា គឺបញ្ជាក់ថា GCG Asia Co., LTD​ ជាក្រុមហ៊ុនរកស៊ីមិនត្រឹមត្រូវ ហើយត្រូវបានដាក់ចូលក្នុង Black List ទៀតផង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner