តួកគីទទូចចង់បានយន្តហោះចម្បាំងបំបាំងកាយ F-35 របស់អាមេរិក
អង់ការ៉ា ៖ មេដឹកនាំតួកគីបានបង្ហាញទំនុកចិត្តថា ប្រទេសរបស់ខ្លួននឹងត្រូវបានដាក់បញ្ជូលទៅក្នុងកម្មវិធីផលិតយន្តហោះ F-35 របស់អាមេរិក ហើយនឹងទទួលបានយន្តហោះចម្បាំងបំបាំងកាយដ៏ទំនើបនេះ ស្របតាមកិច្ចព្រមព្រៀងជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump។

ការអះអាងបែបនេះរបស់តួកគី ធ្វើឡើងបន្ទាប់ពីអាមេរិកបានបណ្តេញតួកគីចេញពីកម្មវិធីផលិតយន្តហោះ F-35 នៅឆ្នាំ២០១៩ ហើយមួយឆ្នាំក្រោយមក បានដាក់ទណ្ឌកម្មលើទីក្រុងអង់ការ៉ាជុំវិញការទិញប្រព័ន្ធការពារមីស៊ីល S-400 របស់រុស្ស៊ី។ ប៉ុន្តែចាប់តាំងពីលោក Trump ចូលកាន់តំណែងវិញ សម្ព័ន្ធមិត្តណាតូទាំងពីរហាក់ដូចជាចង់បញ្ចប់ជម្លោះរាប់ឆ្នាំមួយនេះ។
លោកប្រធានាធិបតីតួកគី Tayyip Erdogan និយាយថា លោកជឿជាក់ថា លោកប្រធានាធិបតី Trump នឹងស្មោះត្រង់ចំពោះកិច្ចព្រមព្រៀងដែលពួកយើងបានធ្វើ។ ហើយលោកគិតថា យន្តហោះ F-35 នឹងត្រូវបានបញ្ជូនទៅកាន់ប្រទេសតួកគី មួយជំហានម្តងៗក្នុងអំឡុងពេលអាណត្តិរបស់លោក Trump។
យ៉ាងណា លោកប្រធានាធិបតី Erdogan មិនបានផ្តល់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងជាមួយមេដឹកនាំអាមេរិកទេ ប៉ុន្តែលោកបាន និយាយ ថា បញ្ហា F-35 មិនត្រឹមតែជាបញ្ហាបច្ចេកវិទ្យាយោធាសម្រាប់ពួកយើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបញ្ហាភាពជាដៃគូដ៏រឹងមាំនៅក្នុងវេទិកាអន្តរជាតិ មានដូចជា NATO ផងដែរ។
កាលពីខែមីនា មេដឹកនាំទាំងពីរក៏បានជជែកគ្នាពីតម្រូវការបញ្ចប់កិច្ចព្រមព្រៀងមួយ ដើម្បីអនុញ្ញាតឱ្យតួកគីអាចទិញយន្តហោះចម្បាំង F-16 របស់អាមេរិក និង ដាក់បញ្ជូនតួកគីទៅកម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បាំងបំបាំងកាយ F-35។ បន្ថែមលើនេះ អាមេរិកក៏យល់ព្រមដកទណ្ឌកម្មពីតួកគីផងដែរ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
