ឧបករណ៍នេសាទខុសច្បាប់ប្រវែងជាង៤ម៉ឺនម៉ែត្រត្រូវបានកម្លាំងចម្រុះខេត្តកំពង់ធំបង្ក្រាបបានក្នុងរយៈពេលមួយខែ

អត្ថបទដោយ៖
ប៊ុន រដ្ឋា

កំពង់ធំ៖ លោកវរសេនីយ៍ទោ ទិត ចាន់ ប្រធានទីបញ្ជាការស្រាលប្រចាំឃុំផាត់ សណ្ដាយ ស្រុកកំពង់ស្វាយ និងលោកអនុសេនីយ៍ឯក លុយ សុភាព ប្រធានទីបញ្ជាការស្រាលប្រចាំឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំបានឲ្យដឹងថា ក្នុងរយៈពេលជាងមួយខែរដូវកាលបិទនេសាទឆ្នាំនេះ ក្រុមការងារទីបញ្ជាការស្រាលទាំងពីរក្រុម បង្ក្រាបឧបករណ៍នេសាទជាង៤ម៉ឺនម៉ែត្រ។

រាយការណ៍ជូនឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កាលពីចុងសប្ដាហ៍នេះ លោកវរសេនីយ៍ទោ ទិត ចាន់ ប្រធានទីបញ្ជាការស្រាលប្រចាំឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងលោកអនុសេនីយ៍ឯក លុយ សុភាព ប្រធានទីបញ្ជាការស្រាលប្រចាំឃុំពាមបាង ស្រុកស្ទោង បញ្ជាក់ថា ក្នុងរយៈពេលជាងមួយខែរដូវកាលបិទនេសាទឆ្នាំ២០២៥ ក្រុមការងារទីបញ្ជាការស្រាលទាំងពីរក្រុម បានបំពេញភារកិច្ចទទួលបានជោគជ័យ ដោយបានបំផ្លាញចោលរបាំងស្បៃអួនខុសទំហំកំណត់ និងរបាំងស្បៃមុង ដែលច្បាប់បានហាមឃាត់ដាច់ខាតសរុប ប្រវែង ៤៦,៥៦៥ ម៉ែត្រ ក្នុងនោះ បំផ្លាញរបាំងស្បៃអួនខុសច្បាប់បាន១៣៨របាំង ប្រវែង១៦.៤៦០ម៉ែត្រ ,បំផ្លាញ ឡុក លូ និងលបចំនួន ៤៦២ ឡុក ,បំផ្លាញរបាំងស្បៃមុង ដែលច្បាប់បានហាមឃាត់ដាច់ខាតបាន ចំនួន ៣៩៩របាំង មានប្រវែង ២១,៩៧០ម៉ែត្រ ។ បំផ្លាញ ឡុក លប លូ បានចំនួន ១,១២៣ ឡុក និងបានចាក់លែងត្រីមួយចំនួនធំ ។បំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់មួយចំនួនទៀត ។

លោក ទិត ចាន់ និងលោក លុយ សុភាព បញ្ជាក់បន្ថែមថា បច្ចុប្បន្នបទល្មើសនេសាទខុសច្បាប់មានការថយចុះ តែកម្លាំងចម្រុះមិនអាចដកថយបានឡើយ ដោយជនល្មើសមួយចំនួននៅតែលបលួចបំពានប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ទៅទីនោះដើម្បីនាំយកប្រេងឥន្ធនៈ ស្បៀង អាហារ គ្រឿងឧបភោគបរិភោគ ទៅជូនកងកម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងបំពេញភារកិច្ចបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្របឹងទន្លេសាប នៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរកងកម្លាំងចម្រុះដែលបានខិតខំបំពេញភារកិច្ចក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងរដូវហាមឃាត់ ទទួលបានលទ្ធផលល្អប្រសើរ ទោះបីកន្លងមកជួបការលំបាកក្នុងការស្នាក់នៅ មធ្យោបាយធ្វើដំណើរមានការខូចខាតច្រើន ដែលត្រូវជួសជុលចំណាយថវិកាច្រើនក៏ដោយ តែបងប្អូននៅតែពុះពារតស៊ូគ្រប់ឧបសគ្គបំពេញភារកិច្ចទទួលបានជោគជ័យ គួរជាទីមោទនៈ៕
ដោយៈប៊ុន រដ្ឋា

ads banner