ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ លើកឡើងថា ការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ របស់យុវជនយើង

(ខេត្តព្រះសីហនុ )៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បញ្ជាក់ថា ការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្តដ៏ធំនិងត្រឹមត្រូវបំផុតនៅក្នុងជីវិត និងជាការសម្រេចចិត្តជាយុទ្ធសាស្ត្រសម្រាប់យុវជននៅស្រុកព្រៃនប់ ក្នុងការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាដែលបានលះបង់កម្លាំងកាយចិត្ត កម្លាំងប្រាជ្ញា និងពេលវេលា ទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុនក្នុងមូលដ្ឋានស្រុកព្រៃនប់ ដើម្បីបង្កើតការងារសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

ក្នុងពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកព្រៃនប់ ដែលបានធ្វើឡើងនាថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ បានស្វាគមន៍ និងអបអរសាទរដល់យុវជនទាំង ៩៩៦នាក់ ដែលត្រូវបានបញ្ចូលជាសមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជាស្រុកព្រៃនប់នាពេលនេះ ហើយមិនត្រឹមតែដើម្បីបង្កើនចំនួនឲ្យទទួលបានជ័យជំនះលើការបោះឆ្នោតប៉ុណ្ណោះទេ ប៉ុន្តែការចូលរួមនាពេលនេះ ជាមួយការងារដែលយើងកំពុងតែធ្វើ គឺជាជំហានឆ្ពោះទៅមុខសម្រាប់យើងទាំងអស់គ្នា ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា ប្រទេសកម្ពុជាបានងើបឡើងវិញចេញពីសង្គមដែលបែកបាក់ គំនរឆ្អឹងផេះផង់នៃសង្គ្រាម ហើយយើងទាំងអស់គ្នាកំពុងតែស្ដារប្រទេសជាតិឡើងវិញ និងរៀបចំឲ្យមានរបៀបរៀបរយ ។ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តោតជាសំខាន់ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានការងារធ្វើ មានគុណភាពនៃជីវិត មានសុខភាពល្អ និងសុភមង្គលគ្រប់ក្រុមគ្រួសារ ដូច្នេះអ្វីដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាស្រុកព្រៃនប់ ក៏ដូចជាគណបក្សខេត្តព្រះសីហនុបាននិងកំពុងធ្វើនេះ គឺដើម្បីឆ្លើយតបទៅនឹងគោលបំណងក៏ដូចជាគោលនយោបាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហើយអ្វីទាំងអស់នេះនឹងមិនអាចសម្រេចបានជោគជ័យឡើយ ប្រសិនបើមិនមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋ ។

ឯកឧត្តម សាយ សំអាល់ ក៏បានជំរុញដល់ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកព្រៃនប់ឲ្យផ្សព្វផ្សាយជួយរកការងារធ្វើដល់យុវជន ជាពិសេសពលករដែលទើបត្រឡប់មកពីប្រទេសថៃ ឱ្យមានការងារធ្វើ មានប្រាក់ចំណូល ហើយត្រូវជំរុញផែនការធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋស្រុកព្រៃនប់មានលំនៅឋានរស់នៅសមរម្យ មានប្រាក់ចំណូល មានម្ហូបអាហារហូបចុកគ្រប់គ្រាន់ និងទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា និងបានណែនាំឱ្យប្រជាពលរដ្ឋទាំងអស់ ហាត់ប្រាណ បរិភោគអាហារមានអនាម័យ កាត់បន្ថយជាតិប្រៃ ផ្អែម និងជាតិខ្លាញ់ ដើម្បីទទួលបានសុខភាពល្អទាំងអស់គ្នាផងដែរ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner