ឈើប្រណិតជិត២ម៉ឺនដើម ត្រូវបានរដ្ឋបាលព្រៃឈើ បន្ទាយស្រី រួមសហការជាមួយខ័ណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដាំលើផ្ទៃដី២៥ហិចតា ក្នុងឱកាសប្រារព្ធធ្វើបុណ្យរុក្ខទិវា

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ កូនឈើទាល, បេង, គគីរ, ផ្តៀក, ក្រញូង, ធ្នង់, កកោះ, រំដួល, ចំនួន១៥ពាន់៦២៥ដើម ត្រូវបានរដ្ឋបាលព្រៃឈើ បន្ទាយស្រី រួមសហការជាមួយខ័ណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដាំលើផ្ទៃដី២៥ហិចតា ក្នុងឱកាសប្រារព្ធធ្វើបុណ្យរុក្ខទិវា ស្ថិតនៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប  ។

ក្នុងកិច្ចស្វាគមន៍របស់ឯកឧត្តម ង៉ាន់ ភិរុណ បានបញ្ជាក់ថា ទិវាដាំឈើ ក្រោមប្រធានបទ «ស្តារគម្របបៃតងឡើងវិញ» ដែលយើងបាននិងកំពុងប្រារឰនាថ្ងៃនេះ ពិតមានអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់ចលនាបំផុស ស្មារតីប្រជាពលរដ្ឋយើងឲ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមក្នុងការដាំដុះ និងការពារ ព្រៃឈើ ក៏ដូចជាការជួយជម្រុញផលប្រយោជន៍ឲ្យប្រជាពលរដ្ឋយើងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីបង្កបង្កើនផលកសិកម្ម និងបង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមផងដែរ ។ ការប្រារព្ធទិវានេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញនូវការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់យើងទាំងអស់គ្នា ក្នុងការស្តារគម្របព្រៃឈើឡើងវិញឲ្យមានពណ៌បៃតង។

ឯកឧត្តមបណ្ឌិត ណៅ ធួក បានគូសបញ្ជាក់ថា  ការប្រារព្ធពិធីបុណ្យរុក្ខទិវានាពេលនេះ  គឺបានឆ្លុះបញ្ចាំងឲ្យ ឃើញ ពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង ការអភិរក្សធនធានព្រៃឈើ គឺជាអាទិភាពចំបងរបស់រាជរដ្ឋាភិបាល ។ គោលដៅយូរអង្វែងរបស់ប្រទេសជាតិយើង គឺការអភិរក្ស និងការគ្រប់គ្រងធនធានធម្មជាតិ ជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ីប្រកបដោយប្រសិទ្ធភាព និងបានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឲ្យបានប្រសើរឡើង និងប្រែក្លាយមូលដ្ឋានក្នុងតំបន់នេះឲ្យមានទេសភាពល្អ ប្រកបដោយគម្របពណ៌បៃតង កាន់តែស្រស់ត្រកាលឡើង ។

ម៉្យាងទៀតថ្ងៃនេះក៏មានអត្ថន័យដ៏ជ្រាលជ្រៅ សម្រាប់ចលនាបំផុសស្មារតីប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សា នុសិស្ស កងកម្លាំងប្រដាប់អាវុធទាំងអស់ ឲ្យចេះស្រឡាញ់ព្រៃឈើ និងចូលរួមដាំដុះ ការពារថែរក្សាព្រៃឈើ ក្នុងការជួយជម្រុញផលប្រយោជន៍ដល់ប្រជារាស្ត្រយើង  ក្នុងជីវភាពរស់នៅ បង្កបង្កើនផលកសិកម្ម និងបង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គម ។

ឯកឧត្តមបានបន្តទៀតថា ព្រៃឈើមានតួនាទីសំខាន់ ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័តកម្មអាកាសធាតុ និង ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស ។ 

ឯកឧត្តមបានបន្តទៀតថា ព្រៃឈើជាសម្បត្តិធម្មជាតិដ៏មានតម្លៃបំផុត និង ជាអាយុជីវិតមនុស្ស និងសត្វ ដែលទាមទារឲ្យមានការគ្រប់គ្រង និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយវិចារណញ្ញាណ សមហេតុសមផល ដើម្បីធានានូវតុល្យភាពបរិស្ថាន ហើយផ្ដល់ឱកាសឲ្យកូនចៅជំនាន់ក្រោយ ទទួលបានផលប្រយោជន៍ ពីធនធានទាំងអស់នេះ ដើម្បីបំពេញនូវសេចក្ដីត្រូវការ និងភាពសុខដុមរមនា ៕ សុខា រិទ្ធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner