បញ្ជាការដ្ឋានកងទ័ពជើងគោក ផ្សព្វផ្សាយឯកសារស្តីពីបទវិន័យ ច្បាប់ស្តីពីលក្ខន្តិកៈទូទៅ និងលំហាត់របៀបចំពោះកងយោធពលខេមរភូមិន្ទ

អត្ថបទដោយ៖
Kien Sereyvuth

អនុវត្តន៍តាមការណែនាំរបស់ក្រសួងការពារជាតិ ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក មានរៀបចំពិធីផ្សព្វផ្សាយឯកសារស្តីពីបទវិន័យ ច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ និងលំហាត់របៀបសម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ  ជូននាយទាហាន នាយទាហានរង នាយស្ថាប័នគ្រប់កងឯកភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក។

នៅក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អួន សារឿន មេបញ្ជាការរងកងទ័ពជើងគោក ទទួលបន្ទុកហ្វឹកហ្វឺន និងហ្វឹកហាត់ បានណែនាំពីអត្ថន័យ និងខ្លឹមសារជារួមសម្រាប់ការផ្សព្វផ្សាយ និងធ្វើបទឧទ្ទេសនាមបណ្តាខ្លឹមសារសំខាន់ៗ នៃឯកសារដោយក្នុងនោះរួមមាន៖ ឯកសារស្តីពីវិធានការពង្រឹងអនុវត្តន៍ លក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ និងលំហាត់របៀបនៃកងយោធពលខេមរភូមិន្ទ។

សេចក្តីណែនាំស្តីពីការអនុវត្តទណ្ឌកម្មវិន័យ ការព្រមាន ការជាប់បញ្ញត្តិ  ការស្តីបន្ទោសដោយលាយល័ក្ខអក្សរ និងការផ្អាកមុខតំណែង និងសេចក្តីប្រកាសស្តីពីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាវិន័យ ។ ចំពោះច្បាប់ស្តីពីលក្ខន្តិកៈទូទៅនៃកងយោធពលខេមរភូមិន្ទ រួមមាន ០៨ជំពូក និង៥២មាត្រា ។ ដោយឡែកបទវិន័យទូទៅ និងវិន័យផ្ទៃក្នុងរបស់កងយោធពលខេមរភូមិន្ទ មាន០៨ជំពូក  អមដោយឧបសម្ព័ន្ធ ០២ មានតារាងអត្រាដាក់ទណ្ឌកម្ម និងតារាងកំរិតសិទ្ធិនៃការស្នើសុំដាក់ទណ្ឌកម្ម ពេលវេលារបៀបរបបធ្វើការងារប្រចាំថ្ងៃ ការចាត់តាំងប្រចាំថ្ងៃ ប្រចាំបញ្ជា យាមកាម របៀបរបបប្រជុំក្នុងកងទ័ព វិធានការការពារផ្ទៃក្នុងគ្រប់រូបភាព ។

រីឯឯកសារលំហាត់របៀបសម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ ជាឯកសារដែលបានចែង និងរៀបចំឡើងដោយផ្អែកតាមច្បាប់លក្ខន្តិកៈ និងអនុក្រិត្យស្តីពីបទវិន័យទូទៅ របស់កងយោធពលខេមរភូមិន្ទ ។ហើយក៏ជាកាយវិការលំហាត់របៀប  ជាក្បួនខ្នាត ហើយតម្រូវឲ្យយោធិនគ្រប់រូបហ្វឹកហាត់រាល់កាយវិការ និងខ្លឹមសារដើម្បីលើកស្ទួយវិន័យថ្លៃថ្នូរ កិត្យានុភាពរបស់កងយោពលខេមរភូមិន្ទ និងអនុវត្តន៏ឲ្យបានត្រឹមត្រូវរាល់កាយវិការ និងខ្លឹមសារ ក៏ដូចជាឯកសារបានកំណត់  ។

ក្នុងឱកាសនោះអង្គប្រជុំបានពិភាក្សាជុំវិញខ្លឹមសារលំអិតលើការកំណត់  និងធ្វើឲ្យមានការឯកភាពតែមួយចំពោះលំហាត់របៀបរបស់កងយោធពលខេមរភូមិន្ផផងដែរ ។
ឯកឧត្តម អួន សារឿន បានគូសបញ្ជាក់បន្ថែមទៀតថា មូលហេតុនៃការផ្សព្វផ្សាយឯកសារស្តីពីបទវិន័យ ច្បាប់ស្តីពីលក្ខន្តិកៈទូទៅ បទវិន័យទូទៅ និងលំហាត់របៀបចំពោះកងយោធពលខេមរភូមិន្ទ ក្នុងន័យរួមចំណែកពង្រឹងស្មារតីដល់យោធិនគ្រប់បណ្តាកងឯកភាពក្នុងភារកិច្ចពង្រឹងឃឿនការពារជាតិ ។ 

យោធិនមានវិន័យ មានសណ្តាប់ធ្នាប់ សីលធម៍ល្អ កិច្ចការពារល្អ ។ ក្នុងន័យនេះឯកឧត្តម អួន សារឿន សង្កត់ធ្ងន់ថា កងទ័ពមានភារកិច្ចបម្រើប្រទេស បម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋ  ចូលរួមការពារសន្តិសុខ សណ្ឋាប់ធ្នាប់សាធារណៈ និងជួយប្រជាពលរដ្ឋដែលជួបការលំបាក ឬមានគ្រោះមហន្តរាយឧបទ្ទវហេតុផ្សេងៗ ដូចនេះនាយទាហាន នាយទាហានរង និងពលទាហានគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំអនុវត្តន៍ច្បាប់នេះឲ្យមានប្រសិទ្ធភាពខ្ពស់ ត្រូវគោរពវិន័យឲ្យបានម៉ឺងម៉ាត់ មានភក្តីភាព សាមគ្គីភាព ហ៊ានពលីកម្មគ្រប់បែបយ៉ាង គ្រប់កាលៈទេសៈដើម្បីបុព្វហេតុមាតុភូមិ ៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner