អ្នកតំណាងរាស្រ្តមណ្ឌលកណ្តាល អំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ បន្ដបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីធានាសុខសន្តិភាព និងការអភិវឌ្ឍ
ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលកណ្តាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកៀនស្វាយ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ បានអញ្ជើញជួបសំណេះសំណាល និងបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣។
ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន មានមតិនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងជូនពរពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចក្រឡាហោម ស ខេង និងសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម បានថ្លែងដោយការគោរពដឹងគុណ និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ចំពោះសមាជិក សមាជិកា ប្រជាពលរដ្ឋ និងជនរួមជាតិទាំងអស់ ដែលតែងតែផ្តល់ជំនឿ គាំទ្រ ឆន្ទៈ និងសកម្មភាពដ៏ឧត្តុងឧត្តមដែលជាប្រភពកម្លាំងធ្វើឲ្យបក្សប្រជាជន ដែលមានអាយុកាល៦៨ឆ្នាំ មានលទ្ធភាពគ្រប់គ្រាន់ដឹកនាំ បម្រើជាតិ និងប្រជាពលរដ្ឋ ដោយជោគជ័យគ្រប់ដំណាក់កាលប្រវត្តិសាស្រ្តរបស់កម្ពុជា។
ឯកឧត្តម បន្តថា ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី៣ គឺជាការបោះឆ្នោតអសកល ហើយមានអត្ថន័យសំខាន់ ដូចការបោះឆ្នោតមុនៗដើម្បីសម្រេចជោគវាសនាជាតិ ការការពារ និងកសាងប្រទេសអភិវឌ្ឍន៍មូលដ្ឋានភូមិឃុំ ក្រោមការដឹកនាំរបស់គណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន។
ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន បានអំពាវនាវអង្គបោះឆ្នោតទាំង៧១នាក់ នៃក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងមុខតំណែងទូទាំងស្រុកកៀនស្វាយ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ខាងមុខ ដើម្បីធានាបាននូវសុខសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព លើកកម្ពស់កម្រឹតជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង និងរស់នៅយ៉ាងសុខដុមរមនាក្នុងសង្គម គោរពតម្លៃមនុស្ស ប្រជាធិបតេយ្យ និងសេរីភាព។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្តក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ គឺមានគណបក្សចំនួន០៧រួមមាន៖ គណប្រជាជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា គណបក្សហ៊ិនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សយុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ និងគណបក្សខ្មែរសាធារណរដ្ឋ៕ធ.ដ