ជប៉ុនគ្រោងបញ្ជូននាវាពិឃាតប្រើរួចទៅឲ្យហ្វីលីពីនកំញើញចិន
តូក្យូ ៖ ប្រទេសជប៉ុននឹងបញ្ជូននាវាពិឃាតរបស់កងទ័ពជើងទឹកដែលប្រើរួចទៅឲ្យប្រទេសហ្វីលីពីន ដើម្បីពង្រឹងសមត្ថភាពរារាំងប្រឆាំងនឹងការពង្រីកឥទ្ធិពលរបស់ប្រទេសចិនតាមដែនសមុទ្រ។
យោងតាមប្រភពពីរដ្ឋាភិបាល កាសែតជប៉ុន Yomiuri បានចេញផ្សាយកាលថ្ងៃអាទិត្យថា ជប៉ុនមានផែនការបញ្ជូននាវាពិឃាត Abukuma ចំនួន៦គ្រឿង ដែលធ្លាប់បម្រើការជាមួយកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ប្រទេសជប៉ុនអស់រយៈពេលជាង ៣០ឆ្នាំមកហើយ ទៅឲ្យហ្វីលីនទុកកំញើញចិន។
ផែនការនេះកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិប្រទេសទាំងពីរបានជួបពិភាក្សាគ្នានៅប្រទេសសិង្ហបុរីកាលពីខែមុន ហើយអ្នកជំនាញមកពីកងទ័ពជើងទឹកហ្វីលីពីន នឹងធ្វើការវាយតម្លៃស៊ីជម្រៅលើនាវាទាំងនោះ បន្ទាប់ពីបញ្ជូនមកដល់ ក៏ដូចជាការទិញយក និងការធ្វើទំនើបកម្មផងដែរ។
កងទ័ពជើងទឹកហ្វីលីពីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា គំនិតផ្តួចផ្តើមនេះ ឆ្លុះបញ្ចាំងពីភាពជាដៃគូយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅរវាងហ្វីលីពីន និងជប៉ុន។ សព្វថ្ងៃ កងទ័ពជើងទឹកហ្វីលីពីនមិនមាននាវាពិឃាតទេ មានតែនាវាធម្មតា និងនាវាចម្បាំងប៉ុណ្ណោះ។
យោងតាមគេហទំព័រកងទ័ពជើងទឹកជប៉ុន បានឱ្យដឹងថា នាវាពិឃាត Abukuma-class escort ដែលជាប្រភេទនាវាពិឃាដមានរាងតូចល្មម និងទម្ងន់ប្រហែល ២.០០០តោន ដំណើរការដោយនាវិកប្រមាណ ១២០នាក់ និងបំពាក់ដោយកាំជ្រួចប្រឆាំងនាវាមុជទឹក និងប្រឆាំងនាវាធម្មតា៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា