ក្រុមហ៊ុនចំនួន៦ ផ្តល់ឱកាសការងារជិតមួយម៉ឺនកន្លែងសម្រាប់​ប្រជាពលរដ្ឋ​ខេត្តកំពង់ចាម និងពលករទើបត្រឡប់​មកពីប្រទេសថៃ

កំពង់ចាម៖ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក  គន់ សុភា អភិបាលរង​ខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញបើក «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិ​មុខរបរនិងការងារ (NEA)នៅ​ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ ជាពិសេស​ពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃឱ្យទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗចំនួន៦ ដែលមាន​តម្រូវការ​កម្លាំងពលកម្មប្រមាណជិតមួយម៉ឺនកន្លែង។

អនុវត្តប្រសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា​ឱ្យក្រសួងការងារ ស្វែងរកការងារ ជូនប្រជាពលរដ្ឋខ្មែរដែលទើបវិល​ត្រលប់ពី​ប្រទេស​ថៃនោះ ឯកឧត្តម ហេង សួរ បាននាំយកក្រុមហ៊ុនធំៗចំនួន៦ មកដាក់ទីតាំងនៅស្រុក​កំពង់សៀម ខេត្តកំពង់ចាម ដើម្បីឱ្យពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ បាន​​សម្ភាសន៍ផ្ទាល់ជាមួយក្រុមហ៊ុន ។ក្រុមហ៊ុនធំៗទាំងនោះដូចជា តំបន់សេដ្ឋកិច្ចពិសេស ជាំងស៊ូ នៅស្រុកជើងព្រៃជាដើម ។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារបានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមាន​ការងារ​សម្បូរបែបរាប់ម៉ឺនកន្លែង ។កម្ពុជា​មិនខ្វះការងារសម្រាប់បងប្អូនត្រឡប់​ពីប្រទេស​ថៃវិញនោះទេ។ឯកឧត្តមលើកឡើងទៀតថា ការត្រឡប់​មកធ្វើ​ការងារ​នៅក្នុងប្រទេស​វិញ គឺជាការបង្ហាញពីមនសិការស្នេហាជាតិ ក៏ដូចជាចូលរួមលើកកម្ពស់​ការងារក្នុង​ស្រុកកាន់​តែរីក​ចម្រើនឆាប់រហ័សថែមទៀត៕
ដោយ៖លី ពៅ

ads banner