សម្ព័ន្ធភាពបណ្តុំអង្គការសង្គមស៊ីវិលទ្រទាំងស្រុងការធ្វើវិសោធនកម្មដើម្បីបើកផ្លូវបង្កើតក្របខណ្ឌច្បាប់ដកសញ្ជាតិពីអ្នកឃុបឃិតជាមួយបរទេសមកបំផ្លាញជាតិខ្មែរខ្លួនឯង
ភ្នំពេញ៖ សម្ព័ន្ធភាពបណ្តុំអង្គការសង្គមស៊ីវិលគាំទ្រការធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកផ្លូវអនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍នៃព្រះរាជាណាចក្រកម្ពុជានិងប្រជាពលរដ្ឋខ្មែរ ដោយឃុបឃិតជាមួយបរទេស។
បណ្ឌិត ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្តុំអង្គការសង្គមស៊ីវិល បានមានប្រសាសន៍ថា សម្ព័ន្ធភាពបណ្តុំអង្គការសង្គមស៊ីវិល គាំទ្រទាំងស្រុងការធ្វើវិសោធនកម្មមាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកផ្លូវបង្កើតក្របខណ្ឌច្បាប់ដកសញ្ជាតិពីអ្នកឃុបឃិតជាមួយបរទេសមកបំផ្លាញជាតិខ្មែរខ្លួនឯង។ ហើយការធ្វើវិសោធនកម្មនេះ គឺជារឿងចំណេញ ពីព្រោះការធ្វើវិសោធនកម្មមាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញ គឺពិតជាត្រឹមត្រូវ និងជាការចំណេញដល់កម្ពុជា។ នៅតាមបណ្តាប្រទេសជាច្រើនផ្សេងទៀតនៅទូទាំងពិភពលោក ក្នុងនោះក៏មានដែរនៅតាមបណ្តាប្រទេសលោកខាងលិចមួយចំនួនមានទាំងនៅអាម៉េរិក អង់គ្លេស អូស្ត្រាលី បារាំង និងប្រទេសច្រើនផ្សេងទៀតនៅអឺរ៉ុប ក៏សុទ្ធតែមានច្បាប់ដែលចែងអនុញ្ញាតឲ្យដកសញ្ជាតិពីពលរដ្ឋទាំងឡាយណាដែលប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ឬក៏ប្រព្រឹត្តបទល្មើស ឬប្រព្រឹត្តទង្វើដែលប្រឆាំងទៅនិងផលប្រយោជន៍ជាតិខ្លួនឯង។

បណ្ឌិត ហែម ប្រសើរ បានបន្តថា នាពេលថ្មីៗនេះ ក្រុមជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសតែងតែធ្វើសកម្មភាពញុះញង់ទាំងប្រជាពលរដ្ឋ និងបានមើលងាយទៅលើកងកម្លាំងប្រដាប់អាវុធថែមទៀតផងដែលកំពុងតែឈឺរជើងការពារបូរណភាពទឹកដី និងបានញុះញង់ធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំទៅលើរាជរដ្ឋាភិបាលក្នុងការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។
ជាមួយគ្នានេះ បណ្ឌិត ហែម ប្រសើរ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសកុំជឿតាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម ពីព្រោះការធ្វើវិសោធនកម្មដើម្បីបើកផ្លូវបង្កើតក្របខណ្ឌច្បាប់ដកសញ្ជាតិពីអ្នកឃុបឃិតជាមួយបរទេសមកបំផ្លាញជាតិខ្មែរខ្លួនឯង គឺមិនមែនធ្វើឡើងក្នុងគោលដៅធ្វើបាបប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់ជាតិពិតប្រាកដ។ ពលរដ្ឋដែលស្រឡាញ់ជាតិពិតប្រាកដ ហើយគ្មានបំណងទៅឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរគ្នាឯង គឺមិនមានអ្វីត្រូវបារម្ភនឹងរឿងដកសញ្ជាតិនេះទេ។
គួរបញ្ជាក់ថា ការធ្វើវិសោធនកម្មមាត្រា៣៣ ក៏នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពិសេស ការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើឃុបឃិតគ្នាជាមួយបរទេស ដែលនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្ដីសុខសាន្តរបស់ប្រជាជន និងឧត្តមប្រយោជន៍របស់ប្រទេសជាតិ។
សូមជម្រាបថា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានទួលថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាថា សេចក្ដីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានេះ មិនប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមឡើយ។ សេចក្ដីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានេះ អាចធ្វើទៅបាន៕
ដោយ៖ពលជ័យ