អ្នកនាំពាក្យស្នងការនគរបាលខេត្តកំពង់ឆ្នាំង៖ ការចាប់ខ្លួនរបស់អតីតសកម្មជនគណបក្ស សង្គ្រោះជាតិ មិនមែនជារឿងនយោបាយនោះទេ គឺជារឿងចាប់តាមដីកាតុលាការ
កំពង់ឆ្នាំង៖ អតីតសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ចាប់ខ្លួននៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ។ ការចាប់ខ្លួនអតីតសកម្មជនរបស់គណបក្សសង្គ្រោះជាតិនៅព្រឹកថ្ងៃសុក្រ ទី១៧ឧសភានេះ ត្រូវបានអ្នកនាំពាក្យរបស់ស្នងការនគរបាលខេត្ត លោក អៀរ ប៊ុនធឿន បានបញ្ជាក់ថា ការចាប់ខ្លួនលោក ប៉ុល ទិត្យធានី មានមុខរបរជាគ្រូបង្រៀន គឺមិនមែនជារឿងនយោបាយនោះទេ។ ការចាប់ខ្លួននេះ គឺតាមដីការបស់អយ្យការសាលាដំបូងខេត្ត តាមបណ្ដឹងរបស់មន្ទីរសុខាភិបាលខេត្តតែប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា ការចាប់ខ្លួនតាមដីការបស់តុលាការបែបនេះ គឺបានបញ្ជូនទៅអយ្យការ សាកសួរភ្លាមៗ ដោយមិនមានយកមកកាន់ស្នងការនគរបាលខេត្តឡើយ។ យ៉ាងនេះក្តី រហូតដល់ម៉ោង១២និង០០នាទីថ្ងៃទី១៧ ខែឧសភានេះ ជនសង្ស័យត្រូវបានយកទៅឃុំខ្លួននៅពន្ធនាគារជាបណ្ដោះអាសន្នហើយ។
សូមរម្លឹកថាលោក ប៉ុល ទិត្យធានី ជាអតីតប្រធានគណនេយ្យហិរញ្ញិករបស់គណបក្សសង្គ្រោះជាតិ ខេត្តកំពង់ឆ្នាំង មានទីលំនៅភូមិឈូកក្រញ៉ាស់ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៕ធ.ដ
ដោយៈ សុក្ខារិន