អភិបាលខេត្តរតនគិរី ជួបសំណេះសំណាលជាមួយបេក្ខនារីជ័យលាភីលេខ៣ សិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ខ្មែរ
រតនគិរី៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរីនាព្រឹកថ្ងៃទី១៧ ខែឧសភាឆ្នាំ២០១៩បានជួបសំណេះសំណាលជាមួយប្អូនៗដែលជាបេក្ខជនជ័យលាភីជាសិស្សពូកែទូទាំងប្រទេស និង លោកគ្រូអ្នកគ្រូ មាតាបិតា សិស្សដែលបានប្រឡងជាប់ ជ័យលាភី សិស្សពូកែទូទាំងប្រទេស របស់ខេត្តរតនគិរីលើមុខវិជ្ជា គណិតវិទ្យា រូបវិទ្យា និងភាសាខ្មែរ ថ្នាក់ទី៩ និងថ្នាក់ទី១២ ។
ឯកឧត្តម ថង សាវុន អភិបាលខេត្តបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង បង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងការខិតខំសិក្សារៀនសូត្ររបស់ប្អូនស្រី ដែលជាបេក្ខជន ជ័យលាភីសិស្សពូកែទូទាំងប្រទេស ផ្នែកភាសាខ្មែរនាពេលនេះ។ ឯកឧត្តម ក៏សូមឲ្យប្អូនដែលជាបេក្ខជនជ័យលាភីសិស្សពូកែទូទាំងប្រទេស ត្រូវបន្តការខិតខំសិក្សារៀនសូត្រជាបន្តទៀតដើម្បីក្លាយខ្លួនជាកូនល្អសិស្សល្អ ពលរដ្ឋល្អដើម្បីជួយដល់ក្រុមគ្រួសារ និងប្រទេសជាតិយើងឲ្យមានការរីកចម្រើននិងត្រូវជៀសឆ្ងាយអំពីបញ្ហាគ្រឿងញៀន។នៅក្នុងនោះដែរឯកឧត្តម ថង សាវុន បានផ្តល់ម៉ូតូម៉ាកវេវ០១គ្រឿង មន្ទីរអប់រំបានផ្តល់កុំព្យូទ័រយួដៃ០១គ្រឿងដល់ប្អូនស្រីជ័យលាភីលេខ៣ ម៉េង គឹមឡៃ។ ដោយឡែកប្អូនៗ៥នាក់ដែលមិនទទួលបានជ័យលាភីក្នុងម្នាក់ថវិកា២០ម៉ឺនរៀល គ្រូបង្រៀនមុខវិជ្ជាខ្មែរទទួលបាន៤០មឺុនរៀល។ ហើយមជ្ឈមណ្ឌលគ្រូយើងបាន ធានារ៉ាប់រងក្នុងការទៅកំសានសប្បាយនៅប្រទេសសាំងហ្គាពួរយះពេល៥ថ្ងៃរបស់ប្អូនៗទាំង៦នាក់ ៕
គួរបញ្ជាកផងដែរថាប្អូនស្រី ម៉េង គឹមឡៃ មកពីវិទ្យាល័យហ៊ុន សែន ភូមិថ្មី ជាប់ចំណាត់ថ្នាក់លេខ៣ (ទទួលបានមេដាយសំរឹទ្ធ)សិស្សពូកែទូទាំងប្រទេសមុខវិជ្ជាអក្សរសិល្ប៍ខ្មែរ ថ្នាក់ ទី១២ សម័យប្រឡង ២២ មេសា ឆ្នាំ ២០១៩។ គឹមឡៃ មានអាយុ ១៦ឆ្នាំ សញ្ជាតិខ្មែរ កេីតនៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០០៣ និងជាសិស្សរៀនថ្នាក់ ទី១២ នៃវិទ្យាល័យហ៊ុនសែនភូមិថ្មី ខេត្តរតនគិរី ហើយមានទីកន្លែងកំណេីត នៅភូមិជ្រយ ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ឳពុកឈ្មោះ ម៉ក់ ចែម មុខរបរជាកសិករ ( ឳពុកម្តាយលែងលះគ្នា ) ហើយម្ដាយឈ្មោះ ខឹម ឡាង មុខរបរជាកសិករ ប្អូនស្រីមានបងប្អូន ៣នាក់ ប្រុស ១ ស្រី ២ នាក់ ហើយប្អូនជាកូនទី៣ ។ បច្ចុប្បន្ននប្អូនស្រី និងម្តាយរស់នៅ ភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនគិរីដែលជាផ្ទះបងប្អូនជីដូនមួយ ព្រោះនាង ជាគ្រួសារក្រីក្រ មិនមានផ្ទះផ្ទាល់ខ្លួនឡើយ។ ចំពោះលទ្ធផលទទួលបានចំណាត់ថ្នាក់លេខ៣ សិស្សពូកែមុខវិជ្ជាអក្សរសិល្បខ្មែរទូទាំងប្រទេសនេះ ប្អូនស្រីគឹមឡៃមានការសប្បាយចិត្តខ្លាំងណាស់ ហើយនាងបានប្តេជ្ញា នឹងខិតខំប្រឹងប្រែងបន្ថែមទៀត ជាពិសេសគឺត្រៀមខ្លួនឱ្យបានល្អសម្រាប់ការប្រឡងសញ្ញាបត្រទុតិយភូមិនាពេលខាងមុខនេះ ហើយម៉្យាងគឺចង់ទទួលបាននូវការងារដែលខ្លួនឯងស្រឡាញ់ និងខិតខំដុះខាត់សមត្ថភាព របស់ខ្លួនឱ្យបានកាន់តែប្រសើរឡេីង។ គោលបំណងរបស់គឹមឡៃនាថ្ងៃអនាគត គឺនាងចង់ក្លាយទៅជា គ្រូបង្រៀនម្នាក់៕ ដោយគតិ យុត្ត