ប្រមុខណាតូបង្ហើបសេណារីយ៉ូចំនួន២ នឹងធ្វើឲ្យសង្គ្រាមលោកលើកទី ៣ ផ្ទុះឡើង

ព្រុចសែល ៖ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានព្រមានធ្ងន់ៗថា សង្រ្គាមលោកលើកទី៣នឹងផ្ទុះឡើង បើសិនលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និងមេដឹកនាំចិន លោក Xi Jinping ចាប់ផ្តើមការលុកលុយក្នុងពេលដំណាលគ្នា នេះបើតាមសារព័ត៌មាន Daily Mail ចុះផ្សាយនៅថ្ងៃទី៧ ខែកក្កដា។

លោក Rutte បានសង្កត់ធ្ងន់ទៀតថា ក្នុងករណីមេដឹកនាំចិន និងរុស្ស៊ីបញ្ជាឱ្យបើកការវាយប្រហារក្នុងពេលដំណាលគ្នាមែន នោះវាអាចនឹងបង្កឱ្យមានសុបិន្តអាក្រក់នៃសង្គ្រាមលោក ហើយនាំភពផែនដីទាំងមូលឆ្ពោះទៅកាន់គែមដ៏មហន្តរាយបំផុត។

យោងតាមប្រមុខអង្គការណាតូរូបនេះ ប្រទេសចិនទំនងជាកំពុងសម្លឹងមើលឱកាសចាប់ផ្តើមដណើ្តមយកកោះតៃវ៉ាន់ ខណៈដែលមេដឹកនាំផ្តាច់ការវិមានក្រឹមឡាំងអាចនឹងវាយប្រហារលើទឹកដីសមាជិកណាតូក្នុងពេលដំណាលគ្នាតែម្តង ចំពេលមានការព្រួយបារម្ភថា លោកប្រធានាធិបតី Putin ប្រហែលជាកំណត់គោលដៅលើសាធារណៈរដ្ឋបាល់ទិក មានដូចជាអេស្តូនី ឡាតវី និងលីទុយអានី ដែលពីមុនជាផ្នែកមួយនៃសហភាពសូវៀត។

ស្របពេលជាមួយគ្នានេះ សារព័ត៌មាន Russia Today (RT) បានវាយបកទៅកាន់អតីតនាយករដ្ឋមន្រ្តីហូឡង់ លោក Rutte វិញថា បានប្រើប្រាស់ការស្រមើស្រម៉ៃមកគិតពីរឿងនេះ ប្រៀបដូចប្រើផ្សិតវេទមន្តដែលជនជាតិហូឡង់ចូលចិត្ត ហើយ RT បានព្រមានថា គាត់គួរតែរង់ចាំមើលថ្ងៃអនាគតនៅក្នុងជំរុំការងារស៊ីបេរី។

យ៉ាងណា លោក Rutte បានប្រាប់កាសែត New York Times អំពីចក្ខុវិស័យក្នុងពេលអនាគតរបស់គាត់ ដោយសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ ក្នុងការបង្កើនឃ្លាំងសព្វាវុធឡើងវិញ និងបង្កើនថវិកាលើផ្នែកយោធា ហើយលោកបាននិយាយថា កុំមើលស្រាលអំពីរឿងនេះឱ្យសោះ។

ការព្រមានបែបនេះរបស់លោក Rutte កើតឡើងចំពេលដែលរុស្ស៊ីបន្តការវាយលុកប្រឆាំងនឹងអ៊ុយក្រែន ប៉ុន្មានថ្ងៃបន្ទាប់ពីលោក Putin បានប្រាប់លោក Trump តាមទូរស័ព្ទថា លោកគ្មានចេតនាបញ្ឈប់សង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនឡើយ៕

ប្រភព ៖ Daily Mail ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner