ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ ការទទួលបានបញ្ចុះពន្ធពី៤៩ មកត្រឹម ៣៦ ភាគរយគឺជាជោគជ័យធំមួយរបស់កម្ពុជា បើប្រៀបធៀបជាមួយប្រទេសដទៃទៀត

(ភ្នំពេញ)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ត្រាំបាន ផ្ញើលិខិតមកកាន់ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត អំពីការកំណត់អត្រាពន្ធគយថ្មីមកលើកម្ពុជា ដែលបានចុះពី ៤៩ភាគរយ មក ៣៦ ភាគរយនេះចាត់ទុកជាជោគជ័យធំមួយរបស់កម្ពុជាក្នុងជំហ៊ានទី១ក្នុងការចរចាពន្ធបដិការរបស់យើង។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និង ជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០២៥នេះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថាកាលពីថ្ងៃទី២ ខែ មេសា ឆ្នាំ ២០២៥ពន្ធបដិការដែលសហរដ្ឋអាមេរិកបានកំណត់មកកម្ពុជា៤៩ភាគរយ ឥឡូវនេះចុះមក៣៦ភាគរយ បើប្រៀបធៀបជាមួយប្រទេសផ្សេងៗទៀតដូចជាប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា និងប្រទេសផ្សេងៗទៀតឃើញថាអត្រាពន្ធបដិការមានការចុះ និងខ្លះទៀតថេរ ប៉ុន្តែក្នុងចំណោមនេះមានប្រទេសមួយចំនួនពន្ធបដិការនេះបានឡើងពី២៥ទៅជា២៦ភាគរយវិញក្នុងនេះដូចជាប្រទេសជប៉ុនមានការតម្លើងពី២៤ទៅជា២៥ភាគរយជាដើម។បើប្រៀបធៀបគឺកម្ពុជាយើងទទួលបានជោគជ័យណាស់ គឺជោគជ័យក្នុងការចរចា ហើយការទទួលបានជោគជ័យនេះដោយសារយើងចរចាដោយសុចរិត ដោយស្មោះត្រង់។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានមានប្រសាសន៍ថា”ខ្ញុំសូមជំរាបថាពន្ធបដិការនេះនឹង ចូលជាធរមានថ្ងៃទី១ ខែ សីហា ឆ្នាំ២០២៥ក្នុងករណីយើងមិនមានការចរចាបន្ថែមទៀតជាមួយប្រទេសសហរដ្ឋអាមេរិកទេ។ទោះបីយ៉ាងណាក្នុងលិខិតរបស់ប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ត្រាំ បានផ្ញើរជូនសម្តេចបវរ ធិបតី ហ៊ុន ម៉ាណែត គឺបើកឱកាសឱ្យយើងទៅចរចា បន្ថែមទៀតឱ្យបានមុនថ្ងៃទី១ ខែ សីហា ឆ្នាំ ២០២៥”។

ជុំវិញបញ្ហានេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា”ខ្ញុំបានផ្ញើរអ៊ីម៉ែលទៅកាន់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ព្រឹកម៉ិញនេះ(ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥)ថាយើងខ្ញុំត្រៀមខ្លួនជាស្រេចក្នុងការធ្វើដំណើរឬចរចាតាមប្រព័ន្ធអនឡាញដើម្បីបន្ថយអត្រាពន្ធបដិការថែមទៀត។ខ្ញុំសុំជំរាបថាអត្រាពន្ធនេះមិនមែនអត្រាជាក់ស្តែង ចូលជាធរមានពិតប្រាកដទេពោលគឺយើងនៅមានឱកាស ទៅចរចាបន្ថែមទៀតដើម្បីបន្ថយអត្រាពន្ធបដិការនេះ”។

ជាមួយគ្នាកម្ពុជាក៏សូមថ្លែងអំណរគុណដល់ប្រធានាធិបតី សហរដ្ឋអាមេរិកដែលបានបញ្ចុះអត្រាពន្ធជូនដល់កម្ពុជាពី ៤៩មកត្រឹម ៣៦ភាគរយ ហើយយើងនឹងបន្តចរចា ដើម្បីបន្ថយអត្រាពន្ធនេះផង និងក៏ដូចជាពង្រឹងពង្រីកលើវិស័យពាណិជ្ជកម្មទ្វេរភាគី រវាងកម្ពុជា និងសហរដ្ឋអាមេរិក។

ទន្ទឹមជាមួយគ្នា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអំពាវនាវដល់ក្រុមហ៊ុនដែលមាននៅកម្ពុជា សុំថែរក្សាភាពស្ងប់ស្ងៀម រាជរដ្ឋាភិបាលកម្ពុជា មានលទ្ធភាព គ្រប់បែបយ៉ាងដើម្បីការពារវិនិយោជិតដើម្បីផលប្រយោជន៍របស់កម្ពុជាយើង។ជាមួយគ្នានេះសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើង ឱ្យជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការបន្តកិច្ចខិតខំប្រឹងប្រែង ការពារផលប្រយោជន៍ជាតិរបស់យើង។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានលើកឡើងដែរថានាពេលនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត គម្រោង ៣៧៣គម្រោង ចាប់ពីខែមករា ដល់ខែមិថុនាកន្លងមកពោលគឺកន្លះឆ្នាំ យើងអនុម័ត លើសឆ្នាំ ២០២៣កន្លងមកនិងបើយើងបន្ថែមមួយសប្តាហ៍បន្ថែមទៀតរហូតដល់៤កក្កដា គឺយើងបានអនុម័តគម្រោងរហូតដល់ ៣៩៦គម្រោង ដែលមានទុនវិនិយោគ៦ពាន់លានដុល្លារ ដោយក្នុងនេះបង្កើតការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា ២៧១ពាន់កន្លែង។ដូចនេះគឺកម្ពុជាយើងនៅមានតែឱកាស មានលទ្ធភាពទាក់ទាញវិនិយោគមកដាក់ទុននៅកម្ពុជាដើម្បីបង្កើតការងារជូន បងប្អូនប្រជាពលរដ្ឋយើង។ដូច្នេះចំពោះបងប្អូនរបស់យើងបើចង់វិលត្រឡប់មកធ្វើការក្នុងប្រទេសកម្ពុជាយើងវិញ សូមអញ្ជើញវិលត្រឡប់មកវិញដោយសារយើងមានការងារ ២៧១កន្លែង ជូនដល់បងប្អូនយើងធ្វើនៅថ្ងៃខាងមុខនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធលើទំនិញនាំចូលពី ប្រទេសកម្ពុជាដល់ទៅ ៤៩ភាគរយ ដោយសារសហរដ្ឋអាម៉េរិក មានឱនភាពជញ្ជីងពាណិជ្ជកម្មជាមួយកម្ពុជាក្នុងកម្រិត ៩៧ភាគរយ។

ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងបន្តខិតខំចរចាបញ្ហាពន្ធជាមួយអាមេរិក ដោយយកចិត្តទុកដាក់បំផុត៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក ឈឹម ទីណា

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner