អ៊ុយក្រែនថា រុស្ស៊ីចង់បានកងទ័ពឡាវ ទៅដោះមីនក្នុងតំបន់ Kursk
បរទេស៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធារបស់អ៊ុយក្រែន ហៅកាត់ HUR បានអះអាងថា រុស្ស៊ីចង់បានកងទ័ពឡាវ ទៅដោះមីននៅក្នុងតំបន់ Kursk ដែលមានព្រំប្រទល់ ជាប់នឹងប្រទេសអ៊ុយក្រែន នេះបើតាមចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន kyivpost ថ្មីៗនេះ។
ទីភ្នាក់ងារ HUR បានអះអាង កាលពីថ្ងៃសុក្រ សប្តាហ៍មុនថា វិមានក្រឹមឡាំង កំពុងព្យាយាម អូសទាញឡាវ ចូលទៅពាក់ព័ន្ធ ក្នុងសង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ក្រោមលេសថា ជា «គម្រោងមនុស្សធម៌»។ ប្រទេសអាស៊ាន ដែលពឹងផ្អែកយ៉ាងខ្លាំង លើជំនួយបរទេស មួយនេះ បានបង្ហាញពីការត្រៀមខ្លួនជាស្រេច ក្នុងការបញ្ជូនទាហាន រហូតដល់៥០នាក់ ដើម្បីជួយដល់ប្រតិបត្តិការដោះមីន នៅក្នុងតំបន់នោះ។ លើសពីនេះ ប្រទេសឡាវ ក៏គ្រោងនឹងផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ត ដោយឥតគិតថ្លៃ ដល់ទាហានរុស្ស៊ី ដែលរងរបួស ពេលកំពុងប្រយុទ្ធ នៅអ៊ុយក្រែន ទៀតផង។
បើតាមប្រភពពី HUR ដដែល រុស្សីក៏កំពុងជ្រើសរើសទាហានស៊ីឈ្នួល និងពលករចំណាកស្រុក មកពីប្រទេស យ៉ាងតិច ចំនួន២១ប្រទេស នៅអាហ្វ្រិក អាស៊ី និង អាស៊ីកណ្តាល។ ប្រទេសទាំងនេះ រួមមាន អ៊ូសបេគីស្ថាន តាជីគីស្ថាន ឥណ្ឌា គុយបា នេប៉ាល់ និង ស៊ីរី។ យ៉ាងណាមិញ អ្នកដែលគេជ្រើសរើសជាច្រើន ត្រូវបានបោកបញ្ឆោត ឬ បង្ខំឱ្យប្រយុទ្ធ។ ពួកគេត្រូវបានសន្យាថា នឹងមានការងារឬប្រាក់ដែលមានសុវត្ថិភាព ប៉ុន្តែ ត្រូវបញ្ចប់នៅជួរមុខ ជាកន្លែងដែលមនុស្សជាច្រើនត្រូវបានសម្លាប់ ឬ រងរបួស។
ពលករចំណាកស្រុក ដែលកំពុងស្វែងរកការងារធ្វើ នៅក្នុងប្រទេសរុស្ស៊ី ជារឿយៗ ត្រូវបានបង្ខំ ដោយកងកម្លាំងសន្តិសុខ ហើយដាក់ចូល ទៅក្នុងអង្គភាពពិសេស។ ការណ៍នេះ ជួយរុស្ស៊ីបង្កើនចំនួនទ័ព ដោយមិនបាច់កេណ្ឌទាហាន ជាជនជាតិរុស្ស៊ី បន្ថែមទៀត។
យ៉ាងណាមិញ ពុំទាន់មានការឆ្លើយតប ពីសំណាក់ប្រទេសឡាវ នៅឡើយទេ ជុំវិញការរកឃើញ របស់ ទីភ្នាក់ងារ HUR ប៉ុន្តែ គេដឹងថា ប្រទេសមួយនេះ មានទំនាក់ទំនងជិតស្និត ជាមួយរុស្ស៊ី នេះបើតាមទីភ្នាក់ងារព័ត៌មាន Yahoo៕
ប្រភពពី kyivpost ប្រែសម្រួល៖ សារ៉ាត
