សម្តេចតេជោ ហ៊ុន សែន លើកជាសំណួរថា តើតុលាការថៃហ៊ានបើកការស៊ើបអង្កេតលើ ថាក់ ស៊ីន ឬទេ?
ភ្នំពេញ៖លើបណ្ដាញសង្គមហ្វេសប៊ុកនាល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានលើកឡើងថា “ថៃលើកដុំថ្មទម្លាក់លើជើងខ្លួនឯង ! “។សម្ដេចបន្តថា ចាំមើលតើតុលាការថៃ ហ៊ានបើកការស៊ើបអង្កេតលើ ថាក់ ស៊ីន ឬទេ?
ផ្តើមនូវសំណេរសម្ដេចតេជោ ហ៊ុន សែន បានសរសរថា “ខ្ញុំពិតជាសូមចូលរួមអបអរសាទរចំពោះអាជ្ញាធរ និងប៉ូលីសថៃ ដែលបានបើកប្រតិបត្តិជួយកម្ទេចបទល្មើសអនឡាញ នៅលើទឹកដីរបស់ខ្លួន ដែលជាការចូលរួមចំណែកដើម្បីកាត់បន្ថយបទល្មើសអនឡាញហូរចូលទឹកដីកម្ពុជា ដែលបទល្មើសទាំងនោះនៅពាសពេញទឹកដីរបស់ខ្លួន។ ការបំផ្លាញសំបុកបទល្មើសអនឡាញនេះ គួរណាស់ធ្វើយូរហើយមិនមែនទុករហូតដល់ពេលនេះទើបធ្វើនោះទេ កន្លងមកវាបានបង្កជាបញ្ហាយ៉ាងច្រើនដល់កម្ពុជា នូវលំហូបទល្មើសដែលកើតចេញពីចេញពីទឹកដីថៃ ជាពិសេសនៅព្រំដែនរបស់ថៃតែម្តង”។
សម្ដេចតេជោ ហ៊ុន សែន បន្តដោយលើកជាសំណួរថា “ចំពោះមតិលើកឡើងមានទាំងអាជ្ញាធរ សារព័ត៌មាន និងមហាជនថៃ និយាយថា ការបង្រ្កាប និងស៊ើបអង្កេតលើលោក កុក អាន គឺដោយសារជាមនុស្សជិតសិទ្ធជាមួយ ហ៊ុន សែន ដូច្នេះតុលាការគួរបើកការស៊ើបអង្កេតលើលោក ថាក់ស៊ីន ដែរ ព្រោះអ្នកណាៗក៏ដឹងដែរថាថាក់ ស៊ីន គឺជាមនុស្សសិទ្ធបំផុតជាមួយខ្ញុំ ជិតសិទ្ធរហូតមានបន្ទប់ដេកនៅផ្ទះរបស់ខ្ញុំទៀតផង។ ចាំមើលតើតុលាការថៃ ហ៊ានបើកការស៊ើបអង្កេតលើ ថាក់ ស៊ីន ឬទេ?”។
ដោយឡែកនារសៀលថ្ងៃទី៨ ខែកក្កដានេះដែរ ប្រាប់អ្នកសារព័ត៌មានតាមរយៈសារអេឡិចត្រូនិក អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មធ្ងន់ៗទៅកាន់បណ្តាញផ្សព្វផ្សាយរបស់ថៃព្យាយាមភ្ជាប់សម្តេចតេជោ ហ៊ុន សែន ជាមួយដីកាចាប់ខ្លួន និងចុះទៅឆែកឆេរដល់ផ្ទះអ្នកឧកញ៉ា កុក អាន ក្នុងប្រទេសថៃ ។
ឯកឧត្តម ជា ធីរិទ្ធ បានចាត់ទុកនេះជាល្បិចព្រួសឈាមរបស់ថៃ ដែលពិភពលោកបានដឹងឮជាច្រើនឆ្នាំមកហើយ ។ ថៃកំពុងតែប្រើកលល្បិចដ៏ថោកទាប ដើម្បីព្រួសឈាមមកលើកម្ពុជា ជាថ្មីម្តងទៀតហើយ ពាក់ព័ន្ធទៅនឹងឧក្រិដ្ឋអនឡាញ ។
ការលើកឡើងរបស់ឯកឧត្តម ជា ធីរិទ្ធនេះ បន្ទាប់ពីមានសារព័ត៌មានរបស់ថៃជាច្រើនស្ថាប័នបានផ្សព្វផ្សាយដោយផ្សាភ្ជាប់ថា ក្រុមប៉ូលិសថៃលបឆ្មក់ចូលឆែកឆេរទីតាំងដែលជាកម្មសិទ្ធិរបស់ឧកញ៉ា កុក អាន ជាមនុស្សជំនិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានទីតាំងនៅជិតព្រំដែនថៃ-កម្ពុជា៕
ដោយ៖វណ្ណលុក
